ដោយ: មុនីរ័ត្ន / ភ្នំពេញ: កម្លាំងនគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន២០៩កញ្ចប់ ស្មើនឹងទម្ងន់៦៤.៤២ក្រាម ដើម្បីអនុវត្តតាមនីតិវិធី។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញឱ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើធ្វើឡើងជាបន្តបន្ទាប់រយៈពេល០២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មិនរៀបរយស្មុគស្មាញដោយគ្រឿងញៀនចំណុចក្តាន់ពីរ ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការបង្ក្រាបនោះ សមត្ថកិច្ចចាប់យកនូវវត្ថុតាងរួមមានៈ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន២០៩កញ្ចប់តូចធំ ស្មើនឹងទម្ងន់ ៦៤.៤២ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ដាវកែច្នៃ០១ដើម។ ជនសង្ស័យគ្រឿងញៀនទាំង០៨នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវបទបញ្ជានិងវិធានការម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បញ្ហាបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ ទាំងសកម្មភាពបទល្មើសគ្រឿងញៀនទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខ នាំមកនូវសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ទន្ទឹមដែលរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ជាការបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រាដែលចរាចរណ៍ គ្រឿង ញៀនបាននិងកំពុងកើនឡើងឥតឈប់ឈរ។ ការដាក់បញ្ជានេះ បានធ្វើឡើងតាមរយៈសារាចរណែនាំមួយចុះ ហត្ថលេខាដោយសម្តេចតេជោហ៊ុនសែនកាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ថា សារាចរដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពាក់ព័ន្ធនិងជម្រុញនៃការបង្កើនចាត់វិធានការគ្រឿងញៀនបានសរសេរទៀតថា ផលិតផលអាភៀនមួយចំនួនធំត្រូវបានក្រុមឈ្មូញទុច្ចរិត ប្តូរមកផលិតគ្រឿងញៀនសំយោគដែលប្រភេទសារធាតុញៀនទាំងនោះងាយស្រួលក្នុងការផលិត, កែច្នៃ ងាយរកសារធាតុគីមីផ្សំនិងឧបករណ៍ផលិត ព្រមទាំងមិនរើសភូមិសាស្ត្រនិងទីតាំងផលិត ឡើយ។ សារាចររាជរដ្ឋាភិបាល បានសរសេរថាការប្រែប្រួលនោះហើយ បានក្លាយជាកត្តាជម្រុញទីផ្សារគ្រឿងញៀនសំយោគ រីកកាន់តែធំទាំងក្នុងនិងក្រៅតំបន់ ដែលក្នុងនោះកម្ពុជាក៏បាននិងកំពុងទទួលរងគ្រោះដោយសារ ឥទ្ធិពលនេះផងដែរ។ បានដាក់ចេញទិសដៅរារាំងទប់ស្កាត់ចំនួន៧ចំណុចក្នុងនោះ រួមមានការបង្កើនសកម្មភាពកាន់តែផុសផុលដើម្បីអនុវត្តផែនការយុទ្ធនាការប្រឆាំង, ការលើកកម្ពស់ស្មារតី ផ្សព្វ ផ្សាយអប់រំឱ្យបានទូលំទូលាយ ស៊ីជម្រៅចំគោលដៅ និងមុខសញ្ញាគ្រប់ទីកន្លែង, ដោយត្រូវអនុវត្តទិស ស្លោក «បីកុំ មួយរាយការណ៍» ដែលមានន័យថា កុំពាក់ព័ន្ធ, កុំអន្តរាគមន៍, កុំលើកលែង និងមួយរាយការណ៍ គឺត្រូវ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច គ្រប់ករណីបទល្មើសគ្រឿងញៀន៕