Home ព័ត៌មានជាតិ នយោបាយ ​សម្ព័ន្ធភាព​...

​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​ប្រកាស​ជា​ផ្លូវការ​ហើយ​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ដូច​អ្វីដែល​បាន​គ្រោងទុក​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។ គណបក្សនយោបាយ​ចំនួន​បី​ដែល​បាន​ផ្តួចផ្តើម​បង្កើត​សម​ម្ព័​ន្ធ​ភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ គឺមាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ម៉ម សូណង់ដូ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក​ញឹក ប៊ុនឆៃ និង​គណបក្ស​ខ្មែរ​តែមួយ របស់លោក​កែម រិ​ទ្ធិ​សិត​។

ការប្រកាស​ជា​ផ្លូវការ​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​នឹងធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត នៅ​សណ្ឋាគារ​ហ៊ី​វ៉ា​រី ក្នុង​រាជធានី​ភ្នំពេញ​។​សន្និសីទកាសែត​នេះ​ក៏មាន​ការចូលរួម​ជា​ភ្ញៀវកិត្តិយស​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ក្រោក គណបក្ស​នគរ​ប្រជាធិបតេយ្យ និង​គណបក្ស​រស្មី​ខេមរា​។

​ចំពោះ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ គឺ​លោក​ម៉ម សូណង់ដូ ជា​ប្រធាន​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ លោក​ញឹក ប៊ុនឆៃ ជា​អនុប្រធាន លោក​គុជ លី (​អនុប្រធាន​គណបក្ស​ខ្មែរ​តែមួយ​) អគ្គលេខាធិការ​។​

​យោងតាម​ឯកសារ​ស្តីពី​គោលការណ៍​ណែនាំ ការអនុវត្ត​ខ្លឹមសារ នៃ​ពិធីសារ​រវាង​មេដឹកនាំ​ទាំងបី​បក្ស បាន​បញ្ជាក់ថា គោលបំណង​នៃ​ការបង្កើត​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ គឺ​ដើម្បី​បណ្តុះ​គំនិត​ជាតិនិយម​គំរូ​ថ្មី​មួយ ដើម្បី​យុវជន​ខ្មែរ​បន្តវេន ដោយ​គ្មាន​វប្បធម៌​លាប​ពណ៌ និង​គ្មាន​វប្បធម៌​ក្តិចត្រួយ​។ ហើយ​គណបក្ស​ទាំងបី គឺមាន​គោលដៅ​ដូចគ្នា និង​រឹតចំណង​សាមគ្គីភាព ដើម្បី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​។ រួមគ្នា​ដោះស្រាយ​វិបត្តិ​នានា​ក្នុងសង្គម​នយោបាយ​តាមរយៈ​ខ្មែរ និង​ខ្មែរ​។

សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ មាន​យន្តការ​ការងារ​ចំនួន​បី​ជា​អាទិភាព រួមមានៈ ១. គ្រប់​គណបក្ស​សាមី​ត្រូវ​ចុះ​មូលដ្ឋាន​រួមគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​សកម្មជន​គាំទ្រ​គណបក្ស​សាមី​គ្រប់​ខេត្ត​ទូទាំងប្រទេស​។ ២. ត្រូវបង្កើត​ការងារ​បណ្តាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​វត្ថុបំណង​របស់​សម្ព័ន្ធ​ភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​។ ៣. ត្រូវបង្កើត​ក្រុម​វាគ្មិន និង​អ្នកនាំពាក្យ ដើម្បី​តស៊ូ​មតិ​គ្រប់​រូបភាព​ការពារ​ផលប្រយោជន៍​រួម​។​

សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ ត្រូវ​រក្សា​អត្តសញ្ញាណ​គណបក្ស​សាមីខ្លួន​ដដែល​។ គ្រប់​គណបក្ស​សាមី​ជា​សមាជិក​ត្រូវ​ផ្តល់​កិត្តិយស​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិន​ប្រកាន់​គណបក្ស​តូច ឬ​គណបក្ស​ធំ​ជាដាច់ខាត​។ បង្កើត​ភាតរភាព​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​អ្នកនយោបាយ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​រួបរួមគ្នា​ការពារ​ផលប្រយោជន៍​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ មិនត្រូវ​បង្កើត​វប្បធម៌​លាប​ពណ៌​ដាក់​ខ្មែរ​គ្នាឯង​ជាដាច់ខាត​៕

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular