២០៨​ថ្ងៃ : មនុស្ស ៨៦៤​នាក់​ស្លាប់ និង​របួស ២៦០៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២០៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៧១៤​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៨៦៤​នាក់ របួស​ចំនួន ២.៦០៨​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៥៧០​នាក់ និង​ស្រាល ១.០៣៨​នាក់​។​ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា កើតឡើង​ចំនួន ៩​លើក ស្លាប់ ៦​នាក់ របួស ១៥​នាក់ (​របួសធ្ងន់ ៨​នាក់ និង​ស្រាល ៧​នាក់​)​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២០៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២២៣.៥២៧​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦៥.១០២​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៨.៤២៥​គ្រឿង​(​រថយន្ត​តូច​ចំនួន ៤៩.៣២១​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៩.១០៤​គ្រឿង​)​។
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular