ដោយៈច្រាយ ចំណាន/ភ្នំពេញៈ បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ជុំវិញបញ្ហាដីធ្លីនេះ។
ខាងក្រោមនេះ គឺជាសំនួរ និងចម្លើយពាក់ព័ន្ធ នឹងការកាន់កាប់អចលនវត្ថុដោយគ្មានបណ្ណកម្មសិទ្ធិ៖
១-ខ្ញុំកាន់កាប់ដីមួយកន្លែងតាំងពីឆ្នាំ១៩៧៩មក។ ជាការកាន់កាប់ដោយស្របច្បាប់ ក៏ប៉ុន្តែមិនមានប័ណ្ណកម្មសិទ្ធិ តើខ្ញុំមានសិទ្ធិជាអ្វីលើដីនេះ?
ចម្លើយៈ អ្នកដែលបានកាន់កាប់ដី ឬអចលនវត្ថុផ្សេងទៀតពីឆ្នាំ១៩៧៩មក បើសិនជាមិនទាន់មានប័ណ្ណកម្មសិទ្ធិ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចទេ អ្នកនោះមិនមែនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនេះទេ គឺមានសិទ្ធិត្រឹមតែជាភោគី (អ្នកកាន់កាប់ស្របច្បាប់) ប៉ុណ្ណោះ។
២-ក្នុងឋានៈជាភោគី តើខ្ញុំមានសិទ្ធិអ្វីខ្លះលើដីនេះ?
ចម្លើយៈ ភោគី មានសិទ្ធិប្រហាក់ប្រហែលនឹងម្ចាស់កម្មសិទ្ធិដែរ ពោលគឺមានសិទ្ធិប្រើប្រាស់ អាស្រ័យនៅ ដាំដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬផ្ទេរទៅឲ្យកូនចៅ ។ល។នៅក្នុងករណីមានការផ្ទេរកម្មសិទ្ធិនេះ អ្នកទទួលអចលនវត្ថុពីភោគី គឺទទួលបានត្រឹមតែសិទ្ធិជាភោគីដដែល មិនមែនជាម្ចាស់កម្មសិទ្ធិនោះទេ។ ភោគី និងកម្មសិទ្ធិករ មានទំហំសិទ្ធិដូចគ្នា។ អ្វីដែលខុសគ្នា គឺនៅត្រង់ថា សិទ្ធិជាកម្មសិទ្ធិករគឺជាសិទ្ធិស្ថាពរ ហើយអាចទទួលបានការគាំពារពីច្បាប់ ដោយពេញលេញ។ ចំណែកសិទ្ធិជាភោគីវិញ គឺជាសិទ្ធិ ដែលមានលក្ខណៈបណ្ដោះអាសន្ន ដែលអាចមានការជំទាស់តវ៉ាបានទៅថ្ងៃក្រោយ។
៣-តើភោគីអាចក្លាយជាកម្មសិទ្ធិករបានដែរឬទេ?
ចម្លើយៈ បាន! ប្រសិនបើការកាន់កាប់នេះ ធ្វើឡើងដោយស្របច្បាប់ ដោយគោរពតាមល័ក្ខខ័ណ្ឌទាំង៥នេះ ដែលមានដូចជា៖
-កាន់កាប់ដោយពិតប្រាកដ ពោលគឺ មិនមែនជាការកាន់កាប់ ក្នុងឋានៈជាអ្នកចាំដី ចាំផ្ទះ ឬចាំចម្ការឲ្យគេ។
-កាន់កាប់ដោយគ្មានហិង្សា ពោលគឺមិនប្រើកម្លាំងចូលទៅដណ្តើមកាន់កាប់។
-កាន់កាប់ដោយមានការដឹងឮជាសាធារណៈ ពោលគឺមិនមែនចូលកាន់កាប់ដោយលួចលាក់មិនឲ្យគេដឹង។
-កាន់កាប់ដោយគ្មានការអាក់ខាន ពោលគឺ មិនបានបោះបង់អចលនវត្ថុនេះចោល ក្នុងគម្លាតមួយធំ។
-កាន់កាប់ដោយសុចរិត ពោលគឺពេលចូលកាន់កាប់ ភោគីមិនបានដឹងថា អចលនវត្ថុនេះមានម្ចាស់រួចទៅហើយនោះទេ។
ភោគី ដែលបំពេញតាមល័ក្ខខ័ណ្ឌទាំង ៥ ខាងលើនេះ អាចក្លាយជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់អចលនវត្ថុ រយៈពេល៥ឆ្នាំជាប់ៗគ្នាឥតដាច់។
៤- ក្រោយពីបានកាន់កាប់តាមល័ក្ខខ័ណ្ឌ និងគ្រប់រយៈពេលដែលកំណត់ដោយច្បាប់ហើយ តើខ្ញុំអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្វ័យប្រវត្តិឬទេ?
ចម្លើយៈ សិទ្ធិ ជាកម្មសិទ្ធិករ មិនអាចទទួលបានដោយស្វ័យប្រវត្តិនោះទេ។ ភោគីអាចក្លាយជាម្ចាស់កម្មសិទ្ធិស្ថាពរ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ច ចេញប័ណ្ណសម្គាល់កម្មសិទ្ធិឲ្យ ក្រោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
៥-ក្នុងពេលរង់ចាំ ការទទួលបានប័ណ្ណកម្មសិទ្ធិស្ថាពរ តើភោគីអាចទទួលបានប័ណ្ណអ្វី ដែលសម្គាល់ការកាន់កាប់អចលនវត្ថុនេះដែរឬទេ?
ចម្លើយៈ បាន អាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ទៅឲ្យភោគីដែលកាន់កាប់ស្រប់ច្បាប់។ ក៏ប៉ុន្តែប័ណ្ណនេះ គ្រាន់តែជាភស្តុតាងបញ្ជាក់អំពីសិទ្ធិកាន់កាប់ប៉ុណ្ណោះ មិនមែនជាប័ណ្ណកម្មសិទ្ធិ ដែលតវ៉ាមិនបាននោះទេ។
៦-ប្រសិនបើខ្ញុំឃើញមានអចលនវត្ថុទំនេរគ្មានម្ចាស់ តើខ្ញុំអាចចូលកាន់កាប់ធ្វើជាភោគីបានគ្រប់ពេលឬ?
ចម្លើយៈ ការកាន់កាប់ អចលនវត្ថុ ក្នុងនាមជាភោគី ដែលច្បាប់ទទួលស្គាល់ គឺមានតែការកាន់កាប់ មុនពេលច្បាប់ភូមិបាលចូលជាធរមានប៉ុណ្ណោះ ពោលគឺមុនឆ្នាំ២០០១។ រាល់ការចូលកាន់កាប់អចលនវត្ថុ នៅក្រោយច្បាប់ភូមិបាលចូលជាធរមាន គឺជាការកាន់កាប់ខុសច្បាប់ ដែលអាចទទួលទោសព្រហ្មទ័ណ្ឌ។ ប្រជាជនក្រីក្រដែលចង់បានដី ត្រូវតែធ្វើពាក្យសុំទៅអាជ្ញាធរ តាមរយៈយន្តការ “សម្បទានដីសង្គមកិច្ច”៕