ដោយៈ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
ខ្ញុំឈ្មោះ ចាន់ ម៉ុន ហៅ តុល។ ខ្ញុំមានអាយុ៣៩ឆ្នាំនៅក្នុង១៩៧៧។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិដោម ឃុំក្រវាញ (បច្ចុប្បន្នឃុំបាក់ស្នា) ស្រុកបារាយរណ៍ ខេត្តកំពង់ធំ។ នៅក្នុង ឆ្នាំ១៩៦៤ ពេលខ្ញុំមាន អាយុ២៦ឆ្នាំ ខ្ញុំបានចូលធ្វើបដិវត្តន៍តាមរយៈបងពក។ បងពក បានចាត់តាំងខ្ញុំឲ្យធ្វើការសម្ងាត់នៅក្នុងភូមិ របស់ខ្ញុំ។ នៅក្នុងខែកញ្ញា ឆ្នាំ១៩៦៤ បងពក បានចាត់តាំងខ្ញុំនៅក្នុងអង្គការសមាគមកសិករភូមិ។
រយៈពេលមួយឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៦៥ បងពក និង ចន បានបញ្ចូលខ្ញុំជា បក្សជន។ នៅក្នុងឆ្នាំ១៩៦៧ បងពក បានហៅខ្ញុំមកជួយធ្វើការ និងឲ្យខ្ញុំរៀនសូត្រអំពីទស្សនៈសភាពការណ៍ និងផែនការរបស់បក្សដែលរៀបចំវាយយកអាវុធពីខ្មាំង។ បងពក បានចាត់តាំងខ្ញុំជាអ្នកដឹកនាំកម្លាំងចំនួន៤០នាក់ ទៅវាយយកអាវុធពីខ្មាំងនៅ ប៉ុលតាប្រុក។ ខ្ញុំដឹកនាំកម្លាំងវាយចូលបន្ទាយខ្មាំង និងយកអាវុធបានចំនួន៤ដើម រួមមាន កាំភ្លើងសេកាសេចំនួន៣ដើម និងកាំភ្លើងការ៉ាប៊ីនចំនួន១ដើម។ ក្រោយពីបានអាវុធ ខ្ញុំ នាំកម្លាំងទាំងនេះទៅជួប បងពក នៅក្នុងព្រៃភ្នំដែលជាមូលដ្ឋានបង្អែក។ ខ្ញុំទៅនៅជាមួយ បងពក រយៈពេល១អាទិត្យ។ ក្រោយមក បងពក បានចាត់តាំងខ្ញុំ និង ចន ឲ្យទៅពិនិត្យមើលសភាពការណ៍នៅបន្ទាយ និងត្រូវត្រឡប់មករាយការណ៍ជូនគាត់វិញ។ បងពក បានលើកពីគោលការណ៍កម្ទេចកម្លាំងប្រតិកិរិយានៅភូមិបាក់ខ្នាចំនួន៨នាក់ទៀត។
ក្រោយពីកម្ទេចកម្លាំងប្រតិកិរិយាហើយ បងពក បានចាត់តាំងខ្ញុំនិង ចន នាំកម្លាំងមកមូលដ្ឋានបង្អែក។ ខ្ញុំបានដាច់ការទាក់ទងជាមួយ បងពក មួយរយៈ។
នៅខែសីហា ឆ្នាំ១៩៦៧ ខ្ញុំបានជួប បងពក វិញ។ បងពក បានឲ្យខ្ញុំចុះមកធ្វើការងារនៅមូលដ្ឋានបង្អែកបន្តទៀត។ រហូតដល់ខែមិថុនា ឆ្នាំ១៩៦៨ ខ្ញុំ និង ចន ត្រូវខ្មាំងចាប់បានពេលខ្ញុំចូលលួចអង្ករប្រជាជននៅភូមិដោម ឃុំបាក់ខ្នា។ ខ្មាំងបានបញ្ជូនខ្ញុំមកដាក់គុកនៅខេត្តកំពង់ធំ។ ខ្ញុំបានជាប់ឃុំរយៈពេល២ថ្ងៃ បន្ទាប់មកខ្មាំងបានហៅខ្ញុំទៅសួរចម្លើយ អំពីប្រវត្តិរូប និងការរស់នៅ។
ខ្ញុំបានសារភាពប្រាប់ខ្មាំងអំពីមូលហេតុដែលខ្ញុំចូលព្រៃ ដោយមានទាហានដេញបាញ់ប្រជាជន។ ខ្មាំងបានសួរខ្ញុំអំពីក្រុមដែរនាំគ្នាទៅវាយយកកាំភ្លើងពីប៉ុស្តិ៍តាប្រុក និងបាក់ខ្នា។ ខ្ញុំនៅតែឆ្លើយមិនដឹង ព្រោះខ្ញុំមានគ្នាតែពីរនាក់មិនអាចធ្វើសកម្មភាពបានឡើយ។ ក្រោយមកខ្ញុំបានទាក់ទងទាហានសក្តិ៣ ឈ្មោះឈុំ នៅខេត្តកំពង់ធំ ដើម្បីសុំសំបុត្រចុះចូលមួយច្បាប់ ដោយសង្ឃឹមថាខ្មាំងអាចសម្រាលទោសខ្ញុំ និងដោះលែងខ្ញុំ។ ខ្ញុំបានជូនលុយចំនួន១៥០០រៀល ទៅ ឈុំ។ ឈុំ បានសរសេរសំបុត្រសុំចុះចូលឲ្យខ្ញុំ និង ចន ម្នាក់មួយច្បាប់។ ប៉ុន្តែពេលខ្ញុំទទួលបានសំបុត្រចុះចូលរួច ស្រាប់តែនៅខែសីហា ឆ្នាំ១៩៦៨ ខ្មាំងបានបញ្ជូនខ្ញុំមកដាក់គុកព្រៃសទៀត។
បន្ទាប់ពីខ្ញុំមកដល់គុកព្រៃស ខ្មាំងបានសួរចម្លើយសំណួរដដែលម្ដងទៀត។ ខ្ញុំបានប្រាប់តាមចម្លើយដែលខ្ញុំធ្លាប់ឆ្លើយប្រាប់ពីមុនទៅខ្មាំង។ នៅខែវិច្ឆិកា ឆ្នាំ១៩៦៨ ខ្ញុំបាន ទាក់ ទងជាមួយ ម៉ន ហើយយើងបានរាប់អានគ្នាជាមិត្តភក្កិ។ ម៉ន តែងនិយាយប្រាប់ខ្ញុំអំពីជីវិតនៃការរស់នៅ និងធ្វើរោងចក្រសប្បាយរីករាយ សប្បូរហូបចុក និងមានសិទ្ធិសេរីភាព។
ខ្ញុំមានសតិអាម្មណ៍គិតនៅពេលខ្ញុំចេញពីគុក ខ្ញុំនឹងធ្វើការនៅរោងចក្រជាមួយ ម៉ន។
នៅខែវិច្ឆិកា ឆ្នាំ១៩៦៩ ខ្ញុំ, ចន និងបងប្អូននៅខេត្តកំពង់ធំ ចំនួន២០នាក់ និង ខេត្តកំពង់ចាម ចំនួន១៦នាក់ បានរួចពីគុកព្រៃស។ បន្ទាប់ខ្ញុំចេញពីគុក ខ្ញុំមករស់នៅជាមួយគ្រួសារ ជួយធ្វើស្រែចម្ការគ្រួសាររហូតដល់កើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០។ នៅក្នុងខែមេសា ឆ្នាំ១៩៧០ ខ្ញុំនិងចន បានធ្វើការទាក់ទងជាមួយបង ពក នៅឯព្រៃម្ដងទៀត។ បងពក បានចាត់តាំងខ្ញុំ និង ចន ឲ្យនាំកម្លាំងមកប្រចាំការនៅស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បងពក បានចាត់តាំងខ្ញុំដឹកនាំយោធាមួយអនុសេនាធំ ចំណែក ចន ដឹកនាំមួយអនុសេនាតូច។
ក្រោយមក ខ្ញុំបានផ្លាស់មកធ្វើការនៅស្រុកសន្ទុកវិញ។ ខ្ញុំបានទាក់ទងជាមួយឈ្មួញ ដោយធ្វើសំបុត្រអនុញ្ញាតឲ្យឈ្មួញអាចចេញចូលតំបន់រំដោះ និងអាចនាំទំនិញមកលក់បាន។ ខ្ញុំបានទទួលក្រណាត់ ថ្នាំពេទ្យ និងអំបិលពីឈ្មួញ។ សម្ភារទាំងនេះខ្ញុំមិនបានកត់ក្នុងបញ្ជី និងរាយការណ៍ជូនអង្គការទេ គឺខ្ញុំបានទុកស៊ីចាយសេរីនៅក្នុងអង្គភាពខ្ញុំ។ ខ្ញុំ និង ចន ក៏បានទាក់ទងជាមួយ ម៉ន លេខាស្រុកចម្ការលើដែរ ហើយ ម៉ន បានមកជួបយើងនៅស្រុកសន្ទុក។ បន្ទាប់ពីយើងបានជួបនិងសួរសុខទុកគ្នារួច ម៉ន បានសួរខ្ញុំអំពីស្ថានភាពនៅសមរភូមិនិងការចាប់អារម្មណ៍ចំពោះតំបន់រំដោះ។
កាលពីមុនមានប្រជាជនរស់នៅសប្បាយកុះករ មានផ្សារកំពង់ថ្ម និងផ្សារតាំងក្រសាំង ប៉ុន្តែបច្ចុប្បន្នត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាម។
នៅខែសីហា ឆ្នាំ១៩៧០ ម៉ន បានមកជួបខ្ញុំម្ដងទៀត។ ម៉ន មិនបាននិយាយអ្វីក្រៅពីសរសើរបបសេរីនោះទេ។ ទោះបីជាតំបន់រំដោះមានផ្ទៃដី៧៥ភាគរយក៏ពិតមែន ប៉ុន្តែគឺជាស្រុកស្រែចម្ការ ចំណែកទីប្រជុំជន រដ្ឋអំណាច សេដ្ឋកិច្ច នៅតាមខេត្ត គឺស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ លន់ នល់។ ខ្ញុំបានអប់រំ យ៉ន បន្តអំពីមាគ៌ាកុម្មុយនីស្តបន្ទាប់ពីបង ម៉ន អប់រំខ្ញុំ។
នៅខែមករា ឆ្នាំ១៩៧១ ខ្ញុំ, ចន ដែលក្រោយមកគឺជាលេខាតំបន់៤៣ និង យ៉ន បានធ្វើការទាក់ទងជាមួយ បងឃួន។ បងឃួន បាន ហៅយើងទាំង៣នាក់ទៅធ្វើការនៅក្នុងមន្ទីរកណ្ដាលស្ថិតនៅសង្កាត់ក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខ្ញុំបានស្គាល់ បងឃួន តាំងពីឆ្នាំ១៩៧០ មកម្ល៉េះ។ បងឃួន បានសួរខ្ញុំអំពីស្ថានភាពប្រជាជនតាមផ្លូវជាតិលេខ៦ ។ បងឃួន និយាយថា នៅថ្ងៃអនាគតនឹងក្លាយជាកុម្មុយនីស្ត ដូច្នេះយើងត្រូវតស៊ូជាមួយបដិវត្តន៍ ហើយការតស៊ូជាមួយបដិវត្តន៍គឺ ត្រូវទាក់ទងជាមួយរដ្ឋអំណាចចាស់ដើម្បីមានខ្នងបង្អែក, ទប់ទល់ជាមួយចលនាបដិវត្តន៍, បញ្ចុះបញ្ចូលប្រជាជនឲ្យធ្វើទាហាន (លន់ នល់), ទប់ទល់កុំឲ្យរំដោះប្រទេសបានឆាប់ដើម្បីមានពេលកសាងកម្លាំងបន្ថែម។
នៅខែកុម្ភៈ ឆ្នាំ១៩៧១ បងឃួន បានចាត់តាំងខ្ញុំឲ្យនាំកងទ័ពមកប្រចាំការនៅស្រុកបារាយណ៍ និងស្រុកតាំងគោក។ ខ្ញុំបានពិភាក្សាជាមួយ ចន និង យ៉ន ដោយចង់បើកច្រកសេដ្ឋកិច្ចឲ្យប្រជាជនចេញចូលរកស៊ីនៅស្រុកចម្ការលើ ស្រុកតាំងគោក និងស្រុកបារាយណ៍ ដោយនាំសណ្ដែក ពោត ចេក មាន់ ជ្រូក គោ និង អង្ករ មកលក់។
នៅខែឧសភា ឆ្នាំ១៩៧១ ខ្ញុំបាននាំចលនាប្រជាជនចំនួន៣០គ្រួសារឲ្យចូលទៅស្រុកតាំងគោក ក្នុងគោលបំណងឲ្យប្រជាជនធ្វើទាហាន (លន់ នល់) នៅស្រុកតាំងគោក តាមការណែនាំរបស់ បងឃួន។
នៅខែសីហា ឆ្នាំ១៩៧១ យោធា (ខ្មែរក្រហម) បានប្រតិបត្តិការលើកទី២ដើម្បីបើកការវាយយកផ្លូវជាតិលេខ៦ ចាប់ពីតាំងគោក ទៅតាំងក្រសាំង ព្រោះជាផ្លូវសំខាន់ក្នុងការទាក់ទងទៅថ្នាក់លើ ជាមូលដ្ឋានសេដ្ឋកិច្ច និងមានប្រជាជនរស់នៅច្រើនកុះករ។ រហូតដល់ខែមករា ឆ្នាំ១៩៧២ អង្គការរំដោះបានផ្លូវជាតិលេខ៦។
នៅចុងខែមិថុនា ឆ្នាំ១៩៧២ បងឃួន បានហៅខ្ញុំទៅជួបគាត់នៅមន្ទីរ២២។ នៅទីនោះខ្ញុំបានជួប ស្រេង លេខាតំបន់៤១, ចន, យ៉ា, មន, ម៉ន និង ម៉ុន។ បងឃួន បានរៀបចំបញ្ចូលខ្ញុំទៅក្នុងបក្សពលករកម្ពុជា។ បក្សពលលករកម្ពុជា មានគោលបំណងប្រឆាំងជាមួយបក្សកុម្មុយនីស្តកម្ពុជា គឺធ្វើឲ្យប្រទេសកម្ពុជាមានសិទ្ធិសេរីភាព កម្មសិទ្ធឯកជន ផ្សារ និងចាយ ប្រាក់វិញ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧២ ខ្ញុំបានទទួលផែនការពី បងឃួន ដកកងទ័ពចេញពីសមរភូមិចម្ងាយ២គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។
នៅខែមិថុនា ឆ្នាំ១៩៧៣ ពេលយោធា (ខ្មែរក្រហម) វាយចូលក្រុងកំពង់ចាម ខ្ញុំ និង បងឃួន បានធ្វើការទាក់ទងជាមួយ ប៉ែន ផូ។ ប៉ែន ផូ គឺជាមេទាហានសក្តិ៤ នៅក្រុងកំពង់ចាម។ ខ្ញុំបានឲ្យ ប៉ែន ផូ រៀបចំកងទ័ពខ្មាំង និង កងទ័ពម៉ារីន ជាខ្សែត្រៀមដើម្បីស្កាត់ នៅពេលដែលយោធា (ខ្មែរក្រហម) វាយចូលតំបន់បឹងកុក វត្តដីដុះ និង បឹងស្នាយ។
នៅខែសីហា ឆ្នាំ១៩៧៣ ខ្ញុំ និង បងឃួន បានធ្វើការទាងទងជាមួយ បងភឹម នៅក្នុងមន្ទីរស្រុកក្រូចឆ្មារ។ ខ្ញុំបានជួប បងភឹម, បងចាន់ អនុលេខាភូមិភាគបូព៌ា, ឈូក សមាជិកភូមិភាគបូព៌ា និង ជាលេខាតំបន់២៤, ខឹម លេខាតំបន់២០ លីន ប្រធានមន្ទីរភូមិភាគ, ខុន ប្រធានពេទ្យតំបន់២១ និង បូ លេខាតំបន់២១ និងជាលេខាស្រុកពាមជីលាំង។
នៅខែកក្កដា ឆ្នាំ១៩៧៤ ខ្ញុំ, បូ និង រឿង បានសហការគ្នាឲ្យប្រជាជនចំនួន៣៦ គ្រួសារ ក្នុងស្រុកក្រូចឆ្មារ ធ្វើដំណើរតាមកាណូតម៉ារីនកាត់តាមទន្លេបិទ សំដៅទៅភ្នំពេញ។ ប្រជាជនទាំងនោះត្រូវបានបញ្ជូនឲ្យធ្វើជាទាហាន។
នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៤ តាមការណែនាំរបស់ បងឃួន ខ្ញុំបានទាក់ទងជាមួយ បងចាន់, ឈូក, លីន និង ខឹម ដើម្បីពិភាក្សាគ្នាអំពីគម្រោងរបស់ បងភឹម ។ បងឃួន បានណែនាំ ឲ្យទប់ទល់កម្លាំងកុំឲ្យរំដោះទីក្រុងភ្នំពេញបាននៅរដូវប្រាំងឆ្នាំ១៩៧៥ ហើយសមរភូមិនីមួយៗត្រូវរៀបចំផែនការជាពិសេសខាងផ្នែកដឹកជញ្ជូន និងត្រូវយកចិត្តទុកដាក់រៀបចំ កម្លាំងតាមអង្គភាពយោធា។
នៅខែកុម្ភៈ ឆ្នាំ១៩៧៥ ខ្ញុំ និង ស្រេង បានសហការជាមួយ បូ, ឯក និង រឿន ដកកម្លាំង ចេញពីសមរភូមិក្រុងកំពង់ចាម និង ទន្លេបិទ ក្នុងគោលបំណងឲ្យទាហានខ្មាំងធ្វើសកម្មភាពដេញចាប់ប្រជាជន។ ចំណែកសមរភូមិនៅខេត្តកំពង់ធំ ក៏ធ្វើឲ្យស្របតាមផែនការរបស់បងឃួន និង បងភឹម ដែរ។ សកម្មភាពបន្តគឺយើងរៀបចំកម្លាំងមួយក្រុមធ្វើចម្រូងដែកក្នុងគោល បំណងបំផ្លាញកង់ឡានដឹកទំនិញរបស់អង្គការតាមផ្លូវជាតិលេខ៦ និងលេខ៧។
រហូតដល់ខែមេសា ឆ្នាំ១៩៧៥ យើងបានបំផ្លាញឡានដឹកបន្លែ និងឡានសេអឹមសេ ដែលអាចរាំងស្ទះដល់ការវាយសម្រុករបស់បក្សរំដោះភ្នំពេញ។ នៅក្នុងខែមេសាដដែល ខ្ញុំបានទទួលសំបុត្ររបស់ បងឃួន មួយច្បាប់ណែនាំខ្ញុំ និងស្រេង ឲ្យចាំទទួលប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញ។ ក្រោយមកខ្ញុំ និង ស្រេង បាននាំទាហានទៅលាក់នៅក្នុងសហករណ៍ ដើម្បីទុកឲ្យបម្រើនូវសកម្មភាពរបស់យើងមាន ដូចជា ៖ អ៊ី ទុយ អតីតចៅហ្វាយខេត្តកំពង់ចាម នៅសហករណ៍សង្កាត់ចើងដើង ស្រុកបារាយណ៍, ប៉ែន ផូ សក្តិ៤កន្លះ ជាខ្សែទាក់ទងរបស់បងឃួន, អ៊ឹង ហុងសាធ សហករណ៍ សង្កាត់បារាយណ៍, សន សក្តិ៤កន្លះ សហករណ៍ស្ទឹងត្រង់, ស្វាយ មិ សក្តិ៣ ស្វាយទាប ស្រុកចម្ការលើ, ម្ទេស ខ្ចី សក្តិ២ នៅស្វាយទាប ស្រុកចម្ការលើ, សារូ ហៅ រឿង សក្តិ២ សង្កាត់សាមគ្គី ស្រុកតាំងគោក, សោម សេក សក្តិ៣ ស្រុកបារាយរណ៍ , នឹម សក្តិ២ ស្រុកតាំងគោក, សាយ សក្តិ៣ សង្កាត់ចុងដូង, ណែម សក្តិ១ សហករណ៍ស្ពឺ ស្រុកចម្ការលើ, ហូ សក្តិ២ ស្រុកស្ទឹងត្រង់ , ណេង សក្តិ២, អ៊ីម មិន សក្តិ៣ ព្រែកក់ ស្រុកស្ទឹងត្រង់, អ៊ី ហេង សក្តិ២ សង្កាត់ល្វាលើ ស្រុកចម្ការលើ, ហោ ម៉េង សក្តិ១ សង្កាត់ស្វាយទាប ស្រុកចម្ការលើ និង នៅ ជា សក្តិ១ សង្កាត់ល្វាលើ ស្រុកចម្ការលើ។
នៅខែឧសភា ឆ្នាំ១៩៧៥ បងឃួន បានធ្វើការបើកអង្គប្រជុំមួយនៅមន្ទីរត១៥ ក្នុងនោះមាន បងភឹម បងយ៉ា អ្នកដឹកនាំប្រជុំ។ ខាងភូមិភាគឧត្តរ មានបងឃួន, ឌឿន, សុក ខ្ញុំ ឈឿន, ចន និង ងិន។ ចំណែកខាងបូព៌ាមាន បងចាន់, ឈូក, លីន, បឹម, នឹម និង បូ។ យើងប្រជុំអំពីគម្រោងរបស់បងភឹម ដែលបានរាយការណ៍ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អំពីសភាពការណ៍លំបាកដែលត្រូវប្រឈម និងផែនការសម្រាប់ឆ្នាំ១៩៧៥-១៩៧៦ ។
នៅក្នុងឆ្នាំ១៩៧៦ នៅភូមិភាគបូព៌ា មាន បងភឹម, បងចាន់, លី, ដឹកនាំអនុវត្តផែនការ។ ចំណែកនៅខាងភូមិភាគឧត្តរមាន បងស្រេង, ខ្ញុំ, ចន និង ងិន ក្រោយពីបងឃួន បានលាមកធ្វើការនៅភ្នំពេញ ។ ចំណែកតំបន់សមរភូមិ១០៦ គឺបងឃួន បានចាត់តាំង សុត និង បេង ទៅនៅនោះ។
នៅខែមករា ឆ្នាំ១៩៧៧ ខ្ញុំ និង ស្រេង បានរៀបចំកន្លែងប្រជុំនៅទឹកឆា តំបន់៤១ធ្វើការផ្សព្វផ្សាយផែនការដែលបានទទួលពី បងភឹម សម្រាប់ឆ្នាំ១៩៧៧ និង១៩៧៨។ នៅពេលនោះអ្នកចូលរួមប្រជុំមាន ស្រេង, ខ្ញុំ ,ចន, ងិន, តាំង, សោ, ជោត, សី, ផែ, ផាន់, ទៀង ,កា, ខែម, ពេជ, ទុន, លេន, មាស, ពូល, គុន, ស្រ៊ុន និង ប៉ាង។ ទាំងប៉ុន្មាននាក់ខាងលើមកទទួលផែនការដែលខ្ញុំ និង ស្រេង បានទទួលពីបងភឹម។ ផែនការនោះ គឺយើងត្រូវខិតខំកសាងកម្លាំងស្នូលបង្កប់ជាសំខាន់នៅក្នុងឆ្នាំ១៩៧៧ និង១៩៧៨ ដោយត្រូវកំណត់ចំនួនពី៦០ទៅ៦៥ភាគរយតាំងពីកម្មាភិបាល និងយុទ្ធជន ដើម្បីរំដោះប្រទេសកម្ពុជាពីរបប កុម្មុយនីស្តមកគ្រប់គ្រងចាត់ចែងដោយខ្លួនឯង។ ចំណែកកម្លាំងដែលកសាងបានមិនទាន់ខ្លាំងក្លានោះទេ ជាពិសេសនៅក្នុងអង្គភាពយោធា និងត្រូវយកចិត្តទុកដាក់ពង្រឹងកម្លាំងចាស់របស់យើងដែលមាននៅក្នុងសហករណ៍។
យើងត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការគ្រប់គ្រងកម្លាំងប្រជាជន ធ្វើយ៉ាងណាឲ្យប្រជាជនចូលរួមជាមួយយើង។ បងភឹម បានកំណត់ថា យើងត្រូវរំដោះភូមិភាគឧត្តរមុន បន្ទាប់មករំដោះភូមិភាគបូព៌ា។ ភូមិភាគឧត្តររបស់យើងគឺមានលក្ខណៈទឹកដីសម្បូរដោយធម្មជាតិ ភោគជលស្រូវ និងផលដំណាំផ្សេងៗ និងមានប្រជាជនរស់នៅច្រើន។
យើងយកភូមិភាគឧត្តរធ្វើជាមូលដ្ឋានសេដ្ឋកិច្ច និងកម្លាំងភូមិភាគឧត្តរជាមូលដ្ឋានបង្អែក។ ក្រោយមកអង្គប្រជុំបានរួមមតិឯកភាពគ្នាលើគម្រោងផែនការសម្រាប់ភូមិភាគឧត្តរ ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ដោយបេជ្ញាយកផែនការនេះទៅអនុវត្តឲ្យមានសម្រេចតាមសំណូម ពរ និងទិសដៅរបស់បក្សពលករកម្ពុជាដែលបានលើកឡើង។ ក្រោយពីប្រជុំ ខ្ញុំ និង ស្រេង បានបំផ្លាញផែនការរបស់បក្ស បំផ្លាញទំនប់ទឹក និងបំផ្លាញស្ថានីយ៍នៅស្រុកបារាយណ៍ និងបំផុសប្រជាជនឲ្យរត់ចេញពីការដ្ឋានត្រឡប់ទៅផ្ទះ វិញ ព្រមទាំងបំផ្លាញអគ្គិសនីមិនឲ្យមានភ្លើងសម្រាប់អង្គការធ្វើការងារពេលយប់។ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៧ ត្រូវអង្គការចាប់ខ្លួន៕
កំណត់ចំណាំ ៖ អត្ថបទនេះដកស្រង់ចេញពីចម្លើយសារភាពឯកសារD០០៤០៧ ។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថា ចម្លើយរបស់ ចាន់ ម៉ុន ហៅ តុល ពិតឬយ៉ាងណានោះទេ។