ដោយៈសុផល ភ្នំពេញ៖រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅលេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់ទង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹកជញ្ជូនតាមផ្លូវអាកាស។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងដឹកនាំសម័យប្រជុំរដ្ឋសភានេះ។

សេចក្តីព្រាងច្បាប់ទំាង៧ នឹងត្រូវពិភាក្សានាព្រឹកនេះមាន៖១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៣-សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។៤-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុម អាកាសយានិក។៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖-ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ-ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៧-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។