ប្រែសម្រួល : កញ្ញាដាលីស/សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន កាលពីថ្ងៃអង្គារទី២៤វិច្ឆិកាបានបង្ហាញឈ្មោះអ្នកការទូតជើងចាស់និងអ្នកធ្វើគោលនយោបាយជាច្រើនរូប ដែលនឹងបង្កើតក្រុមសន្តិសុខជាតិនិងក្រុមគោលនយោបាយការបរទេសរបស់លោក ដោយនិយាយថា “អាម៉េរិកត្រឡប់មកវិញ ត្រៀមខ្លួនដើម្បីដឹកនាំពិភពលោក”។
នៅក្នុងព្រឹត្តិការណ៍មួយនៅស្រុកកំណើតរបស់គាត់គឺទីក្រុងវីលមីងតុន រដ្ឋដេឡាវែ លោកបៃដិនអាយុ ៧៨ ឆ្នាំបានបង្ហាញមនុស្សសម្រិតសម្រាំងរបស់គាត់សម្រាប់តំណែងរដ្ឋមន្ត្រីការបរទេស ទីប្រឹក្សាសន្តិសុខជាតិ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ មេចារកម្ម ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ និង ប្រេសិតផ្នែកបម្រែបម្រួលអាកាសធាតុ។
លោកបៃដិនបានថ្លែងខណៈបុរសនិងស្ត្រីទាំង៦នាក់ឈរនៅពីក្រោយគាត់ដោយពាក់ម៉ាស់នៅលើឆាកមហោស្រពឃ្វីន យ៉ាងដូច្នេះថា”មន្ត្រីសាធារណៈទាំងនេះនឹងស្តារភាពជាអ្នកដឹកនាំពិភពលោកនិងភាពជាអ្នកដឹកនាំផ្នែកស្មារតីរបស់អាម៉េរិក”។
លោកបៃដិននិយាយថា បន្ទាប់ពីលោកស្បថកាន់តំណែងនៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ហើយលោកដូណាល់ត្រាំចាកចេញពីសេតវិមាន សហរដ្ឋអាម៉េរិកនឹង”អង្គុយនៅក្បាលតុជាថ្មីម្តងទៀតដោយត្រៀមខ្លួនប្រឈមមុខនឹងសត្រូវរបស់យើង និង មិនច្រានចោលសម្ព័ន្ធមិត្តរបស់យើងនោះឡើយ”។
អតីតអនុប្រធានាធិបតីរូបនេះបាននិយាយឌឺដងដាក់គោលនយោបាយឯកោ “អាម៉េរិកជាអាទិភាព” របស់ប្រធានាធិបតីត្រាំ យ៉ាងដូច្នេះថា “វាជាក្រុមមួយដែលឆ្លុះបញ្ចាំងពីការពិតដែលថាអាម៉េរិកវិលត្រឡប់មកវិញ ត្រៀមខ្លួនដឹកនាំពិភពលោក មិនរាថយ”។
មន្ត្រីកាន់តំណែងសំខាន់ៗទាំងនោះរួមមាន លោក អ៊ែនថូនី ប៊ីនខិន ជារដ្ឋមន្ត្រីការបរទេស លោក អាឡិចាន់ដ្រូ ម៉ាយ៉ូកាស ជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក រ៉ូន ក្លេន ជាអគ្គសេនាធិការចម្រុះ លោកស្រី អាវរីល ហេន ជាមេចារកម្មជាតិ លោក ជេក ស៊ូលវីលវ៉ាន់ ជាទីប្រឹក្សាសន្តិសុខជាតិ លោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល ជាឯកអគ្គរដ្ឋទូតប្រចាំនៅអ.ស.ប និងលោកចន ឃឺរីប្រេសិតផ្នែកបម្រែបម្រួលអាកាសធាតុ។
ការកត់សម្គាល់របស់លោកដៃដិនបានកើតឡើងភ្លាមៗបន្ទាប់ពីលោកត្រាំជួបនូវឧបសគ្គបន្ថែមទៀតនៅក្នុងកិច្ចប្រឹងប្រែងមិនធ្លាប់មានពីមុនដើម្បីបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ជាមួយនឹងការអះអាងដោយគ្មានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោត។
កាលពីថ្ងៃអង្គារ រដ្ឋផេនស៊ីលវ៉ានៀនិងរដ្ឋណេវ៉ាដាបានបញ្ជាក់ពីភាពត្រឹមត្រូវនៃលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋមីស៊ីហ្គែនបានធ្វើដូច្នេះដែរ នៅក្នុងចំណាត់ការមួយ ដែលជំរុញឱ្យរដ្ឋបាលសេវាកម្មទូទៅ (GSA) ចាប់ផ្តើមដំណើរការផ្ទេរតំណែងប្រធានាធិបតី៕
លោកបៃដិនបង្ហាញមនុស្សសំខាន់ៗសម្រាប់មុខតំណែងធំៗរបស់រដ្ឋបាលលោក