ដោយ:កាំពី/ក្រចេះ: នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ការធ្វើស្រែឡើងវិញ ក្រោយទឹកជំនន់ សម្រេចបានជាង៦២ភាគរយហើយ។
លោក បានគូសបញ្ជាក់ថា ការបង្កបង្កើនផលឡើងវិញរបស់ប្រជាកសិករបានរហ័ស ក៏ព្រោះតែមានការចាត់ចែងការងារបន្ទាន់ និងដាក់ចេញបទបញ្ជាដ៏ម៉ត់ចត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពេលអញ្ជើញចុះទៅពិនិត្យការធ្វើស្រែឡើងវិញ របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះឃើញថាប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់នាពេលកន្លងទៅ បាននិងកំពុងមមាញឹកជាខ្លាំងជាមួយការបង្កបង្កើនផលឡើងវិញ។
លោក បានចុះទៅពិនិត្យដោយផ្ទាល់នៅតាមវាលស្រែចាប់តាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០លោកបានចុះទៅខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ កំពង់ចាម និងខេត្តក្រចេះហើយលោក បានសម្តែងការរីករាយដោយបានឃើញប្រជាកសិករកំពុងមមាញឹកនឹងការបង្កបង្កើនផលឡើងវិញ ត្បិតជាការចង់ឃើញរបស់សម្តេចតេជោ។
ក្នុងកិច្ចសំណេះសំណាលជាមួយកសិករតាមវាលស្រែលោក បានប្រាប់កសិករថា ការងារបង្កបង្កើនផលឡើងវិញរបស់ប្រជាកសិករក្រោយពេលទឹកជំនន់ស្រកទៅវិញ ជាការងារដែលសម្តេចតេជោនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ខ្ពស់បំផុតព្រោះការបង្កបង្កើនផលឡើងវិញនេះ ជួយធានាដល់សន្តិសុខស្បៀង និងដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោក បានបន្ថែមថា ព្រោះតែការយកចិត្តទុកដាក់ និងគិតគូរដ៏ម៉ត់ចត់នេះហើយ ទើបសម្តេចបានចាត់ចែងបន្ទាន់លើការងារបង្កបង្កើនឡើងវិញ ទាំងការចាត់ចែងពូជស្រូវ ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រប់ និងការរៀបចំប្រព័ន្ធផ្លូវដឹកជញ្ជូនជាដើម។
ជាមួយគ្នានេះលោកក៏បានកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ឆ្លើយតបបានលឿនជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាកសិករហើយក៏ បានក្រើនរំលឹកដល់អាជ្ញាធរឱ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសលើប្រព័ន្ធទឹក ដើម្បីធានាថាការបង្កបង្កើនផលឡើងវិញនេះទទួលបានផលតាមការរំពឹងទុក៕