ប្រែសម្រួល : កញ្ញាដាលីស/មូស្គូ ៖ រុស្ស៊ីបានបញ្ចេញលទ្ធផលថ្មីកាលពីថ្ងៃអង្គារទី២៤វិច្ឆិកា ដោយអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ហើយសន្យាថាវ៉ាក់សាំងនឹងលក់លើទីផ្សារអន្តរជាតិទាបជាងវ៉ាក់សាំងរបស់ដៃគូប្រជែងមកពីបស្ចិមប្រទេស។
យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលគ្រប់គ្រងការផលិតវ៉ាក់សាំង បានឱ្យដឹងថា វ៉ាក់សាំង Sputnik V នឹងមានតម្លៃទាបជាងគូប្រជែង ត្រឹមតែ១០ដុល្លារក្នុងមួយដូសឬតិចជាង ២០ដុល្លារសម្រាប់ពីរដូស នៅលើទីផ្សារអន្តរជាតិ។ មូលនិធិនេះបានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងនេះនឹងមិនគិតថ្លៃសម្រាប់ប្រជាជនរុស្ស៊ីនោះទេ។
មូលនិធិនេះបានសន្យានៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាក់វ៉ាក់សាំងពីរដូសនឹងមានតម្លៃទាបជាង ២ ដងឬច្រើនដងធៀបនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬក្រុមហ៊ុន Modernaដែលលក់ថ្លៃជាងប្រហែល ២០ ដុល្លារ និង ១៥-២៥ ដុល្លារក្នុងមួយដូស ដោយផ្អែកលើកិច្ចព្រមព្រៀងដែលក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាដើម្បីផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេទៅរដ្ឋាភិបាលអាម៉េរិក។
លោក គីរីល ឌីមីទ្រីវ ប្រធានមូលនិធិនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា វ៉ាក់សាំងជាង ១ ពាន់លានដូសរំពឹងផលិតនៅឆ្នាំក្រោយនៅក្រៅប្រទេសរុស្ស៊ី។
លោកស្រីឧបនាយករដ្ឋមន្ត្រី តាតយ៉ាណា ហ្គោលីកូវ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេសរុស្ស៊ីត្រូវបានរំពឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយវ៉ាក់សាំង Sputnik V ចំនួនជាង ២ លានដូសនឹងត្រូវផលិតនៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ៕
វ៉ាក់សាំង Sputnik V នឹងលក់ ប្រមាណ ១០ ដុល្លារ ក្នុងមួយដូស