ប្រែសម្រួលៈវាសនា/តូក្យូ៖ ជប៉ុននិងចិនកាលពីថ្ងៃអង្គារបានព្រមព្រៀងចាប់ផ្តើមកម្មវិធីដំណើរធុរកិច្ចដែលរងការវាយប្រហារដោយជំងឺកូវីដ១៩សាជាថ្មីឡើងវិញ និងបន្តកិច្ចពិភាក្សាអំពីកូនកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងកើត ក្នុងកិច្ចចរចាថ្នាក់ខ្ពស់លើកដំបូងចាប់តាំងពីជប៉ុនមានមេដឹកនាំថ្មីនៅខែកញ្ញា។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្រុងតូក្យូដោយរដ្ឋមន្ត្រីការបរទេស វ៉ាង យី កើតឡើងចំពេលមានការបារម្ភអំពីកំណើនឥទ្ធិពលចិននៅក្នុងតំបន់។កិច្ចពិភាក្សាជាមួយសមភាគីជប៉ុន តូស៊ីមីតស៊ូ ម៉ូតេហ្គី ក៏រួមមានភាពតានតឹងក្នុងសមុទ្រ ពាណិជ្ជកម្មនិងចម្លើយតបប្រឆាំងនឹងជំងឺឆ្លង។
នៅថ្ងៃពុធ លោកវ៉ាង នឹងចូលសម្តែងការគួរសមចំពោះលោកនាយករដ្ឋមន្ត្រី យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ដែលតាំងពីមុនមកបានខិតខំធ្វើអោយមានតុល្យភាពអំពីការពឹងរបស់សេដ្ឋកិច្ចជប៉ុនលើចិន ជាមួយនឹងការព្រួយបារម្ភអំពីសន្តិសុខ រួមមានការអះអាងកម្មសិទ្ធិរបស់ចិនលើបណ្តាកូនកោះនៅក្នុងសមុទ្រចិនខាងកើត ដែលជប៉ុនកំពុងគ្រប់គ្រង។
នៅពេលលោកស៊ូហ្កា ជៀសវាងការប្រើវោហាប្រឆាំងចិនខ្លាំងៗដូចសម្ពន្ធមិត្តអាម៉េរិក លោកងាកទៅរកវិធីទប់ឥទ្ធិពលចិនតាមរយៈពង្រឹងទំនាក់ទំនងជាមួយអូស្ត្រាលីនិងបានជ្រើសរើសយកវៀតណាមនិងឥណ្ឌូនេស៊ីសំរាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក។
ចង់និយាយសំដៅទៅកាន់ការបន្តកម្មវិធីអ្នកដំណើរធុរកិច្ចនិងអ្នករស់នៅក្នុងប្រទេសនីមួយៗ លោក ម៉ូតេហ្គី បាននិយាយថា«វាសំខាន់ដែលប្រាស្រ័យទាក់ទងគ្នា និងនិយាយជាមួយគ្នាដោយផ្ទាល់។ខ្ញុំសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកធ្វើអោយសេដ្ឋកិច្ចជប៉ុននិងចិនមានភាពស្វាហាប់ឡើងវិញ ហើយជំរុញការយោគយល់គ្នា»។
អំពីបណ្តាកូនកោះដែលជប៉ុនហៅថា សេនកាគូ និងចិនហៅថា ទាវយូ ក្នុងសមុទ្រចិនខាងកើតដែលនៅមិនទាន់ដោះស្រាយ លោករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា «ពិតណាស់យើងនឹងការពារអធិបតេយ្យរបស់យើង។តាមរយៈកិច្ចខិតខំរួមនៃភាគីទាំងពីរ យើងមានបំណងធ្វើអោយសមុទ្រចិនខាងកើតជាសមុទ្រសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ»។
លោកវ៉ាង ដែលត្រូវបន្តដំណើរទៅកូរ៉េខាងត្បូងទៀត បាននិយាយកាលពីថ្ងៃអង្គារថា ចិននិងជប៉ុនបានយល់ស្របគ្នាថានឹងជំរុញការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងតែប្រទេសទាំងបីនេះទេ៕
រដ្ឋមន្ត្រីការបរទេស វ៉ាង យី (ឆ្វេង)និងសមភាគីជប៉ុន និយាយនៅសន្និសីទកាសែតរួមគ្នាមួយនៅតូក្យូកាលពីថ្ងៃ២៤វិច្ឆិកា