ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈអង្គការការីតាសប្រទេសស្វីស បានចុះកិច្ចព្រមព្រៀង ជាមួយដៃគូអនុវត្តគម្រោងចំនួន៣ ដើម្បីអនុវត្តគម្រោងសាលាបៃតងលើសាលាបឋមសិក្សា ចំនួន៤៥ កន្លែងទៀតនៅក្នុងខេត្តបន្ទាយមានជ័យ ។ នេះបើយោងកិច្ចប្រជុំ ចុះហត្ថលេខាមួយធ្វើឡើងកាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ។
កិច្ចព្រមព្រៀងរវាងអង្គការីតាសស្វីស (Swithzeland Caritas organization ) ជាមួយដៃគូចំនួន៣ លើគម្រោងសាលាបៃតង នោះរួមមាន៖
១.មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវ អនុវត្តគម្រោងលើសាលារៀនចំនួន១៥កន្លែង ។
២.អង្គការស៊ីដូ(SEADO ) លើសាលារៀនចំនួន ១៥កន្លែង
៣.ក្រុមហ៊ុនវិស័យឯកជនRWST លើសាលារៀន ចំនួន១៥កន្លែង ដែលតម្រូវយកកំរិតសាលាបឋមសិក្សា។
លោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេស(កម្ពុជា)នៃ អង្គការការីតាសស្វីស បានអោយដឹងថា ការចុះកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងចង់ឲ្យដៃគូអនុវត្តគម្រោងចូលរួម ដើម្បីឲ្យផ្នែកអនាម័យបរិស្ថាននៃសាលាបឋមសិក្សាចំនួន៤៥ កន្លែង (ដែលមានចំណាត់ថ្នាក់០ ឬហ្សេរ៉ូឬផ្កាយ១) ទៅជាចំណាត់ថ្នាក់យ៉ាងតិចផ្កាយ២ ផ្នែកបរិស្ថានអនាម័យ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យជឿថា ដៃគូនេះនឹងបានបន្តចូលរួមចំណែកក្នុងការអនុវត្តផ្នែកយុទ្ធសាស្ត្រអប់រំជាតិ ទឹកស្អាត អនាម័យ និងបរិស្ថានល្អ នៅតាមសាលា (២០១៩-២០២៣) ដែលមានគោលដៅ៩៥% (បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល) ពង្រីក និងអនុវត្តបន្តនូវសកម្មភាព និងគំនិតផ្តួចផ្តើម សាលាបៃតង នៅតាមសាលាបឋមសិក្សានានា ក្នុងប្រទេសកម្ពុជា តាមរយៈការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសាកោតសរសើរ ចំពោះអង្គការការីតាសស្វីសដែលជាម្ចាស់គម្រោងសាលាបៃតង ដើម្បីឲ្យសាលារៀន មានអនាម័យ បរិស្ថានស្អាត សោភ័ណភាពល្អនិងជាពិសេសបានបណ្តុះផ្នត់គំនិតដល់ក្មួយៗសិស្សានុសិស្សយល់ដឹងពីអត្ថប្រយោជន៍នៃការរស់ប្រកបដោយអនាម័យ និងស្រឡាញ់បរិស្ថានជុំវិញខ្លួន៕