ដោយ:ដេប៉ូ/ភ្នំពេញ: ក្រសួងយុត្តិធម៌បានកំពុងជំរុញក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីដើម្បីឱ្យសាធារណៈជនប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់ក៏ដូចជាឱ្យសាធារណៈជនតាមដានព័ត៌មានពាក់ព័ន្ធប្រព័ន្ធផ្លូវច្បាប់។នេះបើតាមការឱ្យដឹងពីសំណាក់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ក្នុងកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍បណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកគឹម សន្តិភាព បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំក្នុងប្រព័ន្ធអេឡិកត្រូនិករបស់លោកដែលក្នុងនោះបានលើកពីកម្មវិធីចំនួន២ គ្រោងដាក់ឱ្យប្រើប្រាស់នាថ្ងៃខាងមុខមានដូចជា៖
១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។
២.កម្មវិធី Mobile Application of MOJ៖ ជាកម្មវិធីនៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យសាធារណៈជនតាមដានព័ត៌មាន ក៏ដូចជាស្វែងរកនូវឯកសារច្បាប់នានាដែលបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌៕