ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថាតាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូតឡានីណា (La Nina) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរុញចុះ មកក្រោមខ្លាំងនិងគ្របដណ្តប់មកលើកម្ពុជា ។
សេចក្តីជូនដំណឹងដែលក្រសួងបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ថាតាមការព្យាករលក្ខណៈបែប ខាងលើនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងរដូវរំហើយខាងមុខ (ខែធ្នូ ឆ្នាំ២០២០-ខែមករា ឆ្នាំ២០២១) ស្ថានភាពធាតុអាកាសចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ ។
រូបថតៈពេលត្រជាក់ខ្លាំងប្រជាជនកម្ពុជាតែងនិយមកំដៅខ្លួនជាមួយភ្លើង(រូបឯកសារ)
១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់ លើកទី ១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់ សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាសអាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖
– បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨អង្សាសេទៅ ២១អង្សាសេ។
– បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩អង្សាសេទៅ ២២អង្សាសេ។
២- ធាតុអាកាសនឹងចុះត្រជាក់លើកទី ២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១ ។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃ ក្នុងនោះមាន ៖
– បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦អង្សាសេទៅ ១៩អង្សាសេ។
– បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨អង្សាសេទៅ ២១អង្សាសេ៕