ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមានវិធានការ ទៅលើការដោះស្រាយ នូវបញ្ហាការលិចលង់ ដោយទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ យើងបាននិងកំពុងទប់ ទំនប់សណ្តរស្ទឹងព្រែកត្នោត ឲ្យបានខ្ពស់ ហើយការងារនេះ យើងបានសុំគោលការណ៍ ទៅរាជរដ្ឋាភិបាល ដើម្បីពន្លឿនការងារនេះ ឱ្យបានលឿន កាត់បន្ថយបាននូវ ហានិភ័យរបស់ប្រជាពលរដ្ឋ ព្រោះថា ការលិចលង់ ដោយទឹកជំនន់នេះ មានហានិភ័យខ្ពស់ណាស់ សម្រាប់ប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្ដោតសំខាន់ ទៅលើការដោះស្រាយ បញ្ហាទឹកលិចលង់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហានេះ ឲ្យបានល្អប្រសើរ សម្រាប់ឆ្នាំក្រោយៗទៀត។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ បញ្ហាលិចលង់នេះ គឺជារឿងធំមួយ ដែលយើងត្រូវរួមគ្នា ធ្វើការដោះស្រាយ ធ្វើយ៉ាងណាឱ្យបានប្រសើរ ជៀសវាងនូវការលិចលង់ ដោយទឹកជំនន់ ។ លោក ប៉ា សុជាតិវង្ស ក៏បានសំដែងនូវ ការកោតសរសើរផងដែរ ចំពោះគណៈអភិបាលរាជធានី គណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ កន្លងមក បានទាន់ពេលវេលា។ លោកបានសម្តែង ការកោតសរសើរ ដល់ការដឹកនាំ និងការខិតខំប្រឹងប្រែង ជំនះការលំបាក ក្នុងការប្រមូល ដឹកសំរាម ចេញពីទីក្រុង ក្នុងរយៈពេល ដែលកម្មករក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្ម ព្រមទាំងបានធ្វើចលនា ឲ្យកម្មករក្រុមហ៊ុនស៊ីនទ្រី ចូលធ្វើការឡើងវិញ ។
លោកប៉ា សុជាតិវង្ស ក៏បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ចុះជំរុញ និងប្រជុំដកបទពិសោធន៍ការងារ សមាគមមនុស្សចាស់ តាមស្មារតី នៃកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សារាជធានីភ្នំពេញ ខណ្ឌ អាណត្តិទី៣ លើកទី ១៤ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនោះ លោក ប៉ា សុជាតិវង្ស ក៏បានកោតសរសើរផងដែរ លើការគ្រប់គ្រងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដែលរបាយការណ៍ មានវឌ្ឍនភាព និងបានធ្វើការដោះស្រាយ ទំនាស់មួយករណី លើទំនាស់សរុប ២៨ ករណី ដែលមាន ។ លោកក៏បានសម្តែង ការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ លើការងារថែទាំហេដ្ឋារចនាសម្ព័ន្ធ ដូចជា គំនូសចរាចរណ៍ អនុវត្តបាន ៨០០ ម៉ែត្រការ៉េ នៅផ្លូវមុនីរ៉េត និងផ្លូវសាលដឺហ្គោល ការលុបបំបាត់សំបុកមាន់ អនុវត្តបាន ១៤៨២ ម៉ែត្រការ៉េ នៅលើផ្លូវតូចធំនានា ក្នុងរាជធានីភ្នំពេញ និងការលុបស្នាមប្រេះ អនុវត្តបាន ៣៥០ ម៉ែត្រការ៉េ នៅផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ៕/V