ពលរដ្ឋ​ប្រមាណ​ជិត​១​ម៉ឺន​៥​ពាន់​នាក់​បានទទួល​សេវា​ដឹកជញ្ជូន​ពី​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​

972
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ក្នុង​រយៈពេល​១​សប្តាហ៍​រថយន្តក្រុង​សាធារណៈ​ដឹកជញ្ជូន​អ្នកដំណើរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៦០​គ្រឿង​បាន ដឹកជញ្ជូន ប្រជាពលរដ្ឋ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​បាន​ប្រមាណ​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ទាំង​ចេញពី​ក្រុង​និង​ចូលមក​ទីក្រុង​វិញ​ដោយ​ទទួល​សេវា​ឥតគិតថ្លៃ​នេះ​។​
​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្តក្រុង​ដឹកជញ្ជូន អ្នកដំណើរ​ចំនួន​៦០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ តាម​បណ្តា​ខេត្ត ក្រុង​នានា និង​ពី​ខេត្ត​នានា​ចូលមក​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។​
​ចំណែក​លោក អ៊ា​ន សុ​ឃីម អភិបាលរដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០​មេសា​នេះដែរ​ថា​៖​រដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បានធ្វើការ​ពង្រាយ​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ចំនួន​៦០​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​៧​ថ្ងៃ​ចាប់ពី​ផ្លូវជាតិ​លេខ​១​ផ្លូវជាតិ​លេខ​៣​ដល់​ផ្លូវជាតិ​លេខ​៦​។​លោក​បន្តថា​៖​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨​ខែមេសា ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយ​ក្នុងការ​ជិះ​រថយន្ត​មាន​ចំនួន​១៤.០៧៨​នាក់ ក្នុងនោះ​ប្រជាពលរដ្ឋ ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​មាន​ចំនួន​៨.៨៣៣​នាក់ និង​ពី​ខេត្ត​មក​ភ្នំពេញ មាន​ចំនួន​៥.២៤៥​នាក់​ផងដែរ​។​
​លោក​បន្តទៀតថា​៖ នេះ​បានបង្ហាញ​ពី​ការគិតគូរ យកចិត្តទុកដាក់​រប​ស់ស​ម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន ក្នុងការ​ផ្តល់ជូន​កញ្ចប់​កាដូ​ឆ្នាំ​ថ្មី​ជូន​ប្រជាពលរដ្ឋ​យើង ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម