Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ថៃ​ចោទ...

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹកនាំ​បាតុកម្ម​១២​នាក់​ពី​បទ​ប្រមាថ​ស្តេច​នៅមុន​បាតុកម្ម​ប្រឆាំង​ការត្រួតត្រា​រាជ​ទ្រព្យ​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ពួក​មេដឹកនាំ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ចំនួន​១២​នាក់ ត្រូវ​ប៉ូលិស​កោះហៅ​មក​ស្តាប់​ការចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​ប្រមាថ​ព្រះ​ចេស្តារ ។​នេះ​ជា​ការយក​ច្បាប់​​ប្រឆាំង​ការប្រមាថ​ស្តេច​មក​អនុវត្ត​ជា​លើកដំបូង​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ នៅពេល​ទីក្រុង​បាងកក​ត្រៀម​ទទួល​ការជួបជុំ​តវ៉ា​ធំ​មួយទៀត​នៅ​ថ្ងៃ​ពុធ​នេះ​។​

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​សប្តាហ៍​មុន​បាន​ផ្តល់​ភ្លើង​ខៀវ​អោយ​អាជ្ញាធរ​ប្រើ​គ្រប់​ច្បាប់​ទាំងអស់ រួម​ទាំង​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​ដើម្បី​ចាត់ការ​លើក​ពួក​អ្នក​ប្រឆាំង​តវ៉ា​ណា​ដែល​រំលោភ​​ច្បាប់ ជាពិសេស​រារាំង​ការរិះគន់​រាជវង្ស ។​

​សូមបញ្ជាក់​ថា ថៃ​ជួប​ការតវ៉ា​ប្រឆាំង​អស់​ពេល​ជាង​៤​ខែ​មក​ហើយ ដោយ​ចលនា​ដឹកនាំ​ដោយ​ក្រុមនិស្សិត ទាមទារ​អោយ​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី កែ​ទំរង់​របបរាជានិយម​និង​លោក​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង​។​​ភាព​តានតឹង​នៅក្នុង​រដ្ឋធានី​ថៃ​កំពុង​កើនឡើង ក្រោយ​ពេល​ប៉ូលិស​បាញ់​ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​បាតុករ​នៅ​ក្រៅ​អាគារ​សភា​កាលពី​សប្តាហ៍​មុន ដែល​នាំ​អោយ​របួស​មនុស្ស​៥៥​នាក់ រួមមាន​៦​នាក់​​របួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​មិន​ស្គាល់​ប្រភព​។​

​ពួក​បាតុករ​ក៏​បាន​សរសេរ​ពាក្យ​ប្រឆាំង​ស្តេច និង​ជះ​ទឹក​ថ្នាំ​ពណ៌​លើ​ស្លាក​ប៉ូលិស​ជាតិ​ក្នុង​ក្រុង​បាងកក​។​

​សូមបញ្ជាក់​ថា ថៃ​ជា​ប្រទេស​មាន​ច្បាប់​ប្រឆាំង​ការប្រមាថ​រាជវង្ស​ដ៏​តឹងរឹង​បំផុត​មួយ​នៅក្នុង​លោក ដោយ​នរណា​ម្នាក់​ដែល​ត្រូវ​បាន​ដាក់ទោស​ចំពោះ​ការបរិហារកេរ្តិ៍ ប្រមាថ ឬ​គំរាម ស្តេច មហា​ក្សត្រិយានី​ ឬ​រាជទាយាទ​ប្រឈម​ការជាប់គុក​១៥​ឆ្នាំ ចំពោះ​ការចោទប្រកាន់​មួយ​ករណីៗ​៕

​ពួក​មេដឹកនាំ​បាតុកម្ម​ថៃ​ដែល​រង​ការចោទប្រកាន់​ប្រមាថ​របបរាជានិយម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular