ដោយ: រិទ្ធិសែន / ខេត្តពោធិសាត់: សមត្ថកិច្ចចម្រុះបានចុះធ្វើការបង្ក្រាបការកាប់រុករានទន្ទ្រានហ៊ុមព័ទ្ធយកដីព្រៃលិចទឹកក្នុងតំបន់៣ យកធ្វើជាកម្មសិទ្ទពីក្រុមជនទុច្ចរិត។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចតំបន់ដីព្រៃលិចទឹក(តំបន់បី) ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមានមន្ត្រីរដ្ឋបាលជលផល សង្កាត់រដ្ឋជលផលកំពង់លួង អាវុធហត្ថស្នាក់ការ(បេសូនប្រាំ) យោធាតំបន់ប្រត្តិបត្តិការសឹករងខេត្តពោធិ៍សាត់ បានចុះធ្វើការពិនិត្យ និងបង្ក្រាបករណីកាប់ឆ្ការគាស់រុករានទន្ទ្រានហ៊ុមព័ទ្ធកាន់កាប់ដីព្រៃទឹកក្នុងតំបន់៣។
នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ភុំវិមល បានឲ្យដឹងថា ក្រុមការងារចម្រុះបានចុះអនុវត្តជាក់ស្ដែង ឃើញមានជនដែលមិនស្គាល់អតសញ្ញាណ បានធ្វើការកាប់ឆ្ការគាស់រុករានទន្ទ្រានហ៊ុមព័ទ្ធកាន់កាប់លើផ្ទៃដីទំហំប្រមាណ៦០ម៉ែត្រ គុណនឹង៤០ម៉ែត្រ ដែលជាដីព្រៃលិចទឹក និងបានធ្វើការរុះរើបំផ្លាញចោលនូវវត្ថុតាងបង្គោលរបងចំនួន២០ដើម ចំពោះជនដែលជាអ្នកប្រព្រិត្តសមត្ថកិច្ចជំនាញរដ្ឋបាលជលផល និងអាជ្ញាធរនិងសមត្តកិច្ចមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីយកមកអោយទទួលខុសត្រូវអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ៕