Home ព័ត៌មានជាតិ នយោបាយ ទេសរដ្ឋមន្ត្រ...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៦ តាមរយៈ​វីដេអូ​អន​ឡាញ​

ដោយ​: សុផល / ភ្នំពេញ​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​២០២០​ម្សិលមិញ​នេះ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៦ ព្រមទាំង​ដៃគូ​សន្ទនា​ផ្សេងៗ តាមរយៈ​វីដេអូ​ពី​ចម្ងាយ ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន ប្រទេស​ព្រុយ​ណេ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ ប្រទេស​កម្ពុជា​បាន​សហការ​ជា​ប្រព័ន្ធ និង​តាម​ឋា​នុ​ក្រម​ទាំង​រដ្ឋបាល​សាធារណៈ​និង​ឯកជន រិះរក​គ្រប់​នីតិវិធី យន្តការ យុទ្ធសាស្ត្រ និង​វិធានការ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ ជា​លទ្ធផល កម្ពុជា​គ្មាន​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ និង​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ឡើយ ហើយក៏​មិនបាន​ដាក់​ប្រទេស ឬ​តំបន់​ណាមួយ​ក្នុង​ភាព​មាន​អាសន្ន​ផងដែរ​។ ទោះជា​យ៉ាងណាក្ដី កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ ទប់ស្កាត់​របស់ ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏ដូចជា​វិធានការ​ការពារ ទប់ស្កាត់​របស់​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ វិបត្តិ​កូ​វីដ​-១៩ មិនបាន​រារាំង​កម្ពុជា​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឡើយ​។ ជាក់ស្ដែង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន​ដ៏ទៃទៀត​នៅតែ​បន្ត​ការសាងសង់​ជា​ប្រក្រតី ប៉ុន្តែ​ទាំង​កម្មករ និង​វិស្វករ ត្រូវ​អនុវត្តតាម​វិធានការ​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ កម្ពុជា​បាន​សហការ​ជាមួយ​ប្រទេសជិតខាង​ដូចជា​៖ ប្រទេស​ថៃ វៀតណាម និង​ឡាវ បន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​គ្នា​ជាធម្មតា តាមរយៈ​ការអនុវត្ត​វិធានការ និង​យន្តការ​នានា​ដែល​បានកំណត់ ដើម្បី​ចៀស​ផុតពី​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ដែល​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​-១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular