ដោយ:អង្គរតូច/សៀមរាប:កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានតាមទៅចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូត ដល់ក្រុង ភ្នំពេញ បន្ទាប់ពី រំលោភសេពសន្ធវ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។
លោកវរសេនីយ៍ឯកជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានអោយដឹងថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ យីហោពិភពម៉ូត ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។
លោកនាយការិយាល័យអោយដឹងទៀតថា ថៅកែហាងពិភពម៉ូតរូបនេះ បានចាប់រំលោភលើកូនចៅរបស់ខ្លួន (បុគ្គលិក) ដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។ តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ: បុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះអោយមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាងរូបនេះក៍ចាប់អោបនាងផ្តួលទៅលើការ៉ូ បឺតមាត់នាង និងសម្រាតខោនាងហើយរំលោភ។នៅពេលបន្ទាប់ជននេះចាប់នាងរំលោភម្តងទៀត។
បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យសុំសម្របសម្រួល តែនាងមិនព្រម ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូរហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៍តាមទៅចាប់ខ្លួនតែម្តង។ ជនជាប់សង្ស័យ បានបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ដើម្បីបន្តនិតិវិធី៕