Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិធី​ចាក់​បេត...

ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​០៧ ខែធ្នូខាងមុខនេះ

ដោយៈ​សុផល​/​ភ្នំពេញ​: ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន នឹងត្រូវ​រៀប​ចំឡើង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ពាន​នេះ​ស្ថិតនៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ដែលបាន​បើក​ការដ្ឋាន​កាលពីថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ កន្លងមក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

គម្រោង​សាងសង់​ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១​ម៉ែត្រ និង​ទទឹង​១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​អា​ម៉េ ប្រើ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ គិត​ត្រឹម​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ស្ពាន​នេះ​សម្រេចបាន​៩៦,៤%និង​គ្រោង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​។

លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​បានអញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ

ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការងារ​ត្រៀម​រៀបចំ​ពិធី​របស់​គណៈកម្មការ និង​អនុគណៈកម្មការ​នីមួយៗ​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ពេល​ម្សិ​ល​មិញ​នេះ​បានអញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នេះដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម​ឱវាទ ក្រសួង​។​

​ថ្លែង​ទៅ​អង្គប្រជុំ​នាឱកាស​នោះ​លោក​រដ្ឋលេខាធិការ​បាន​ណែនាំ​ឱ្យ​សមាជិក​សមាជិកា​គណៈ​កម្មកា​រ និង​អនុគណៈកម្មការ​ទទួល​បន្ទុក​ត្រៀម​រៀបចំ​ពិធី​នេះ​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ការចាត់តាំងនិង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​ពិធី​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ប្រព្រឹត្ត​ទៅដោយ​រលូន​តា​ម​ផែនការ​ដែល​បាន​គ្រោងទុក​៕

 

លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​បានអញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular