ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​ចំណុច​សំខាន់​៤ ដើម្បី​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា

1311
ចែករម្លែក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដាក់ចេញអនុសាសន៍៤យ៉ាង ដើម្បីអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា (រូប ៖ តារារិទ្ធិ)

​ដោយ : តារា​រិ​ទ្ធ​/​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើឲ្យគណៈកម្មាធិការ​ដឹកនាំ​ការងារ កែ​ទម្រង់ការ​គ្របគ្រ់ង​ហិរញ្ញវត្ថុ​សាធារណៈ បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ភាព ប្រាកដនិយម និង ភាពជា​ម្ចាស់​ខ្ពស់ ព្រមទាំង​អភិក្រម​ទន់ភ្លន់​,​តែ​ហ្មឹ​ង​ម៉ាត់​នៅក្នុង​ការអនុវត្ត​ស្របតាម​គោលការណ៍ «​ឆ្លុះកញ្ចក់​, ងូតទឹក​, ដុសក្អែល​, ព្យាបាល និង​វះកាត់​»​ដោយ​ផ្តោត​ការ យកចិត្តទុកដាក់​លើ​ចំណុចសំខាន់ៗ​ចំនួន ៤ ដើម្បី​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ទៅតាម​បរិការណ៍​ជាក់ស្តែងរបស់​កម្ពុជា ឲ្យ​សម្រេចបាន​ជោគជ័យ តាម​ការគ្រោងទុក ។​

​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ​សមិទ្ធផល៥ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ សណ្ឋាគារ​សូ​ហ្វី​តែ​ល រ៉ូយ៉ាល់ភ្នំពេញ​ភូ​គី​ត្រា សម្ដេច​បាន​លើក​ជា​អនុសាសន៍​ដូចខាងក្រោម ៖

​ទី​១.​ការបង្កើន​ភាពជា​ម្ចាស់​ក្នុងការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាម​ក្រសួង​-​ស្ថាប័ន ។ រដ្ឋ មន្ត្រី និង ប្រធាន​ស្ថាប័ន ត្រូវមាន​ភាពជា​ម្ចាស់ ក្នុងការ​ជំរុញ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ទៅតាម​គោលការណ៍​រួម​របស់​រាជរដ្ឋាភិបាល ។

​ទី​២.​ការផ្តល់ ការលើកទឹកចិត្ត​ដល់​ក្រុមការងារ​កែទម្រង់​នៅតាម​ក្រសួង​-​ស្ថាប័ន ។ ចំណុច​នេះ​សម្តេច​បាន​ណែ​នាំឱ្យ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក៏ដូចជា​ប្រធាន​ស្ថាប័ន និង ក្រុមការងារ​កែទម្រង់​នៅតាម​គ្រប់​ក្រសួង​-​ស្ថាប័ន ជំរុញ​អនុវត្ត​ការងារ​នេះ​យ៉ាងសកម្ម​ក្លៀវក្លា និង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បំផុត ។

​ទី​៣.​ការបន្ត​ពង្រឹង​យន្តការ​សម្របសម្រួល និង ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ការកែទម្រង់​ទាំង ៣ ដែល រួមមានៈ​គណៈកម្មាធិកា​រដឹក​នាំ​ការងារ​កែទម្រង់​ការ​គ្រប់​គ្រ ង​ហិរញ្ញវត្ថុ​សាធារណៈ​, គណៈកម្មាធិការ​ជាតិ​សម្រាប់ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​គណៈកម្មាធិការ​កែ​ទម្រង់រដ្ឋបាល​សាធារណៈ ។​

​ទី​៤.​ការយកចិត្តទុកដាក់​ខ្ពស់ ដល់​ការអនុវត្ត «​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ ២០១៨- ២០២៥» ។​

​ក្រៅពី​អនុសាសន៍​ដ៏​សំខាន់ៗ​ទាំង​៤​ខាងលើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ចំណុច​ស្នូល ឬ​ឆ្អឹងខ្នង​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ គឺ ការកែទម្រង់​ប្រព័ន្ធ​ថវិកាជាតិ​សំដៅ​ប្រែក្លាយ​ថវិកា ឲ្យ​ទៅជា​ឧបករណ៍​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​ធានា​សម្រេចបាន​នូវ​គោលបំណង នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការ​កៀរគរ​ធនធាន​របស់​ជាតិ ប្រកបដោយ​ចីរភាព និង ការ​វិភា​ជ​ធនធាន​ទាំងនោះ​សម្រាប់​បម្រើឲ្យ​គោលដៅ​នៃការអភិវឌ្ឍ ប្រកបដោយ​ប្រសិទ្ធភាព និង សក្តិ​សិទ្ធ​ភាព​ខ្ពស់​។ ចំណុច​នេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​មានការ​ក្តាប់​ឲ្យ​ជាប់​នូវ​ឱកាស​និង​បង្កើត​លក្ខខណ្ឌ​ល្អប្រសើរ ដើម្បីជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ទៅតាម​បរិការណ៍​ជាក់ស្តែង​របស់​កម្ពុជា ឲ្យសម្រេចបាន​ជោគជ័យ តាម​ការគ្រោងទុក ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម