ដោយៈ សុផល / ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូន អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗហិរញ្ញប្បទាន ដោយចៃកា ( JICA ) រួមមាន ការសាងសង់ផ្លូវជាតិលេខ៥ ដែលជាឆ្អឹងខ្នង របស់ប្រទេស ក្នុងការតភ្ជាប់ជាមួយ បណ្តាប្រទេស ដទៃទៀត ក្នុងតំបន់ រួមមាន ថៃ វៀតណាម និង មីយ៉ាន់ម៉ា និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) នៅផ្លូវជាតិលេខ១ ដែលផ្នែកមួយ នៃផ្លូវល្បឿនលឿន របស់អាស៊ាន ( AH1 ) ។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនថាៈ ទីតាំងថ្មីរបស់ក្រសួង បានរៀបចំជិតរួចរាល់ហើយ រួមមាន អគារធំ និងវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស សាធារណការ និងដឹកជញ្ជូន និងស្នើសុំឱ្យ JICA ជួយ ក្នុងការកសាងសមត្ថភាពមន្ត្រីក្រសួង ដោយផ្តល់នូវវគ្គបណ្តុះបណ្តាល រយៈពេលខ្លី មួយ ឬ ពីរសប្តាហ៍។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង អំពីការផ្តល់ជូននូវ ឧបករណ៍ និងគ្រឿងចក្រ សម្រាប់សាងសង់ ដែលមានទឹកប្រាក់សរុប ៨ លានដុល្លារអាមេរិក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស។
លោក ស៊ុន ចាន់ថុល បានលើកឡើង ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗហិរញ្ញប្បទាន ដោយចៃកានេះ ក្នុងឱកាសទទួលជួប ពិភាក្សាការងារ និងជម្រាបលា ពីលោក ស៊ុហ្គាណុ យូអ៊ិឈិ ( Sugano Yuichi ) អតីតប្រធានតំណាងទីភា្នក់ងារ សហប្រតិបត្តិការអន្តរជាតិ របស់ជប៉ុន (JICA) និងជំនួបសម្តែងការគួរសម ពីលោកស្រី កាមេអ៊ិ ហារុកុ ( Kamei Haruko ) ប្រធានតំណាង JICA ថ្មី ដែលទើបនឹងទទួលការតែងតាំង អមដោយជំនាញការ ទទួលបន្ទុកគោលនយោបាយ ដឹកជញ្ជូន និងភស្តុភារកម្ម។
ក្នុងជំនួបម្សិលមិញ ថ្ងៃទី២៤ វិច្ឆិកា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះជប៉ុន តាមរយៈ JICA ដែលបានផ្តល់នូវជំនួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់កម្ពុជា ជាពិសេស ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះតួនាទីដ៏សំខាន់ របស់លោក Sugano Yuichi ក្នុងការជួយគាំទ្រ ដល់ការគៀងគរ និងស្វែងរកការគាំទ្រ ពីជប៉ុន ក្នុងការផ្តល់នូវ ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវ ការពេញចិត្ត និងថ្លែងអំណរគុណ ដល់ជប៉ុន ដែលផ្តល់នូវគ្រឿងចក្រ សម្រាប់សាងសង់ផ្លូវ ដល់ក្រសួង ចំពេលដែលក្រសួង ត្រូវការជាចាំបាច់ ក្នុងការបញ្ជូនទៅ សម្រាប់ការសាងសង់ផ្លូវ ទាំង ៣៨ ខ្សែ នៅសៀមរាប។
ជាការឆ្លើយតប លោក Sugano Yuichi ក៏បានថ្លែងអំណរគុណ ដល់ក្រសួង ចំពោះកិច្ចសហការ យ៉ាងពេញទំហឹងកន្លងមក និងបានណែនាំ លោកស្រី Kamei Haruko ប្រធានតំណាង JICA លោក Sasaki Jun ទីប្រឹក្សាគោលនយោបាយដឹកជញ្ជូន និងលោក Kobayashi Kenichi ប្រធានទីប្រឹក្សា នៃគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្តុភារកម្ម ដែលទើបទទួលការតែងតាំងថ្មី និងកាន់ការងារ នៅកម្ពុជា៕/V