ដោយៈ យោធិន / កំពង់ចាមៈ កំណាត់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១១.៦៨៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ អមដោយចិញ្ចើមថ្មម៉ិច ០,៥០ ម៉ែត្រ សងខាង គ្រោងនឹងស្ថាបនាឲ្យបានរួចរាល់ នាពេលចូលឆ្នាំខ្មែរ ២០២១ ខាងមុខ។
លោកឧត្តមសេនីយ៍ឯក គង់ អៀង នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានលើកឡើង ពីពេលវេលាកំណត់ បញ្ចប់ការស្ថាបនា កំណាត់ខេត្តលេខ២៧០ ក្នុងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម នេះ ក្នុងឱកាសចុះត្រួតពិនិត្យមើល លទ្ធផលការងារ ស្ថាបនាផ្លូវ និងប្រព័ន្ធលូ តាមបណ្តោយផ្លូវ ដែលស្ថាបនា ដោយកងកម្លាំងវិស្វកម្ម នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថាៈ កំណាត់ផ្លូវកៅស៊ូ DBST នេះ ត្រូវបានស្ថាបនា ចាប់ពីបង្គោលគីឡូម៉ែត្រលេខ ៥០+៣០០ រហូតដល់បង្គោលគីឡូម៉ែត្រ លេខ ៦១+៩៨៥ ដោយមានដាឡូ មុខពីរ ចំនួនពីរកន្លែង លូមុខកាត់ មួយម៉ែត្រ ប្រវែង ៤.៥០០ ម៉ែត្រ និងអណ្តូងលូ ១៨១ កន្លែង ។
ស្ពានបេតុងសរសៃដែក ប្រវែង ៤០ ម៉ែត្រ ទទឺង ១០,៩០ ម៉ែត្រ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ៤០+៨៩០ ស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ក៏នឹងត្រូវស្ថាបនា ឲ្យបានរួចរាល់ ដាក់ឲ្យឆ្លងកាត់ នាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២១ ខាងមុខនេះដែរ។
ក្នុងឱកាសចុះពិនិត្យ ការដ្ឋានស្ថាបនាស្ពាន-ថ្នល់ ខាងលើនេះដែរ លោកឧត្តមសេនីយ៍ឯក គង់ អៀង បានក្រើនរំឭក ដល់កងកម្លាំងវិស្វកម្ម ទទួលបន្ទុក ក្នុងការស្ថាបនាថ្នល់-ស្ពាន សម្រាប់ភ្ជាប់ចរាចរណ៍ ពីចំណុចព្រៃទទឹង ក្នុងភូមិសាស្ត្រ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មកឃុំរកាកោង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាប្រព័ន្ធលូ ដើម្បីរំដោះទឹក ក្នុងតំបន់នេះ ដែលរយៈកាលកន្លងទៅ ឲ្យតែរដូវវស្សា ផ្លូវថ្នល់ខាងលើនេះ ភាគច្រើន ត្រូវលិចលង់ ដោយសារជំនន់ទឹកភ្លៀង បង្កភាពលំបាក ក្នុងការធ្វើចរាចរណ៍៕/V