ស្ងាត់ៗ​ក្រុមហ៊ុន​ចិន​សុំ​ការអនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩​ជា​សាធារណៈ​មុន​ក្រុមហ៊ុន​បស្ចិមប្រទេស​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នាំមុខ​មួយ​របស់​ចិន បាន​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ដើម្បី​នាំ​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ អោយបាន​មុន​ឬ​ស្មើ​ការចេញ​ប្រើ​វ៉ាក់សាំង​របស់​​គូប្រជែង​បស្ចិមប្រទេស​នៅពេល​ការសាកល្បង​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មួយចំនួន​ក្នុង​ការបញ្ឈប់​ការឆ្លង​វីរុស​កូរ៉ូណា​ឈាន​ដល់​ដំណាក់កា​លចុង​ក្រោយ​។​

​សារព័ត៌មាន​រដ្ឋ​Xinhua Finance​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២៥​វិច្ឆិកា​ថា​ក្រុមហ៊ុន​China National Biotec Group Co.(CNBG)​បាន​ដាក់​ពាក្យសុំ​ទៅ​កាន់​និយ័ត​ករ​ចិន ។​ពាក្យសុំ​នេះ​ទំនង​​ជា​មាន​បញ្ចូល​ទៅ​ជាមួយ​នូវ​ទិន្នន័យ​បានមក​ពី​ការ​សាក​ពិសោធន៍​លើ​មនុស្ស​នៅ​ដំណាក់កាល​ទី​៣​របស់​ក្រុមហ៊ុន ដែល​ធ្វើឡើង​នៅ​មជ្ឈិមបូព៌ា​និង​អាម៉េរិក​ខាងត្បូង​។​

CNBG​បាន​និយាយថា​ខ្លួន​មិន​ទទួលបាន​របាយការណ៍​អំពី​ប្រតិកម្ម​វ៉ាក់សាំង​អាក្រក់​ខ្លាំង​លើ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ទេ​។​

​ភាគហ៊ុន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Sinopharm Group​ដែលជា​ក្រុមហ៊ុន​មេ​របស់​CNBG​បាន​ហក់​ឡើង​នៅ​ហុងកុង​កាលពី​ថ្ងៃ​ពុធ ក្រោយ​លេចចេញ​ព័ត៌មាន​ល្អ​អំពី​វ៉ាក់សាំង​នេះ​។​

​ជាមួយនឹង​ការ​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ប្រើប្រាស់​ទូទៅ​នេះ ក្រុមហ៊ុន​CNBG​នឹង​ទំនងជា​អ្នក​ផលិត​វ៉ាក់សាំង​ដំបូង​គេ​ក្រៅពី​រុស្ស៊ី ដែល​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​នឹង​ត្រូវ​យក​ទៅ​ចាក់​សំរាប់​សាធារណជន​​ទូទៅ ដែល​នេះ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​ចិន​ក្នុងការ​ដើរតួ​ធំ​មួយ​សំរាប់​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ទៅកាន់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​។​

​ក្រុមហ៊ុន​បស្ចិមប្រទេស ដូចជា Pfizer Inc.​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដាក់​ពាក្យសុំ​ការប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ក្នុង​គ្រាអាសន្ន​ប៉ុណ្ណោះ ជា​អ្វី​ដែល​ចិន​បាន​អនុញ្ញាត​ដល់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ខ្លួន​កា​​លពី​ប៉ុន្មាន​ខែ​មុន​។​

​តាមពិត​ទោះជា​វ៉ាក់សាំង​ចិន​នៅ​មិនទាន់​ត្រូវបាន​ការអនុញ្ញាតអោយ​ប្រើប្រាស់​ជាទូទៅ ក៏​ពួកវា​ត្រូវបាន​ចាក់ទៅលើ​មនុស្ស​រាប់​ម៉ឺន​នាក់​រួចជាស្រេច​នៅ​ចិន​ក្រោម​កម្មវិធី​ប្រើប្រាស់​ក្នុង​គ្រា​អាសន្ន ដែល​​ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​អ្នកវិទ្យាសាស្ត្រ​អំពី​សុវត្ថិភាព​វ៉ាក់សាំង​ឬ​ផល​អាក្រក់​លើ​សុខភាព​អ្នក​ចាក់ ទោះជា​យ៉ាងណា​តាំងពី​មុន​មក​មិន​មាន​ហេតុការណ៍​ដូច​ការព្រួយបារម្ភ​នេះ​ទេ​។​

​ការបង្កើត​វ៉ាក់សាំង​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ក្តីសង្ឃឹម​ខ្លាំងជាងគេ​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា ដែល​បច្ចុប្បន្ន​ចម្លង​មនុស្ស​ជាង​៥៩​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​បង្ខំ​អោយ​ប្រទេស​និង​តំបន់​មួយ​​ចំនួន​ធ្វើ​ការបិទ​ខ្ទប់​ឬ​រឹតត្បិត​ចលនា​មនុស្ស​សាជាថ្មី​។​

CNBG​បាន​និយាយថា ការសាកល្បង​ដំណាក់កាល​ទី​៣​របស់ខ្លួន លើ​មនុស្ស​ជាង​៥​ម៉ឺន​នាក់​នៅ​ប្រទេស​ជាច្រើន​ចាប់​ពី​អា​ហ្សង់​ទីនដ​ល់​អេ​ហ្ស៊ី​ប បាន​ដំណើរការ​ទៅ​ដោយ​រលូន និង​ថា​ខ្លួន​មិន​ទទួលបាន​​របាយការណ៍​អំពី​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ណា​ទេ​៕

​សុវត្ថិភាព​ក្លាយ​ជា​ការព្រួយបារម្ភ​ធំ នៅ​ពេល​ក្រុមហ៊ុន​ឱសថ​ធំៗ​បង្ខំ​បង្កើត​វ៉ាក់សាំង​កូវី​ដ​១៩​អោយទាន់​សភាពការណ៍ ហើយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​CNBG​មិន​បាន​បង្ហាញ​ផល​អវិជ្ជមាន​លើ​សុខភាព​អ្នក​ប្រើ​ទេ ក្រោយ​ចាក់​សាកល្បង​លើ​មនុស្ស​រាប់​ម៉ឺន​នាក់​មក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular