Home ព័ត៌មានអន្តរជាតិ រុស្ស៊ី​គំរាម...

រុស្ស៊ី​គំរាម​បើ​កបំ​បុក​នាវា​អាម៉េរិក​ដើម្បី​បណ្តេញ​វា​ចេញពី​សមុទ្រ​ជប៉ុន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រុស្ស៊ី​និយាយថា នាវាចម្បាំង​មួយ​របស់​ខ្លួន​បាន​ឃើញ​និង​ដេញ​នាវា​ពិឃាដ​របស់​កងទ័ពជើងទឹក​អាម៉េរិក​ចេញ​បន្ទាប់​ពី​វា​បាន​ចូល​ដែនទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ជប៉ុន​​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​វិច្ឆិកា​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានចោទប្រកាន់​នាវា USS John S McCain ថា​បាន​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​សមុទ្រ​របស់ខ្លួន​ចម្ងាយ ២ គីឡូម៉ែត្រ​នៅ​ឯ​ឈូង​សមុទ្រ​ភី​ត​ធឺ​ដឹ​ក្រេត ហើយ​និយាយ​ថា​ខ្លួន​គំរាម​បើក​​បំបុក​នាវា​នោះ​។​

​នាវាចម្បាំង​អាម៉េរិក បន្ទាប់មក​ក៏​បាន​ចាក​ចេញពី​តំបន់​នោះ​។​

​ទោះយ៉ាងណា កងទ័ពជើងទឹក​អាម៉េរិក​បាន​បដិសេធ​រាល់​ការ​ធ្វើ​ខុស​ណាមួយ ហើយ​និយាយ​ថា នាវា​របស់ខ្លួន​មិន​ត្រូវ​បាន​បណ្តេញ​ចេញ​ស្អី​នោះទេ​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​នៅ​សមុទ្រ​ជប៉ុន ដែល​គេ​ស្គាល់​ដែរ​ថា សមុទ្រ​ខាងកើត ជា​ដែនទឹក​មាន​ព្រំដែន​ជាប់​ជប៉ុន​រុស្ស៊ី​និង​កូរ៉េ​។​

​យោង​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី នាវា​ពិឃាដ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​របស់ខ្លួន ឈ្មោះ Admiral Vinogradov បាន​ប្រើ​បណ្តាញ​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ព្រមាន​នាវា​អាម៉េរិក​អំពី​”​លទ្ធភាព​បើក​​បំបុក​ដើម្បី​ធ្វើឱ្យ​អ្នក​ឈ្លានពាន​ចាកចេញ​ពី​ដែនទឹក​”​។​

​តែ​អ្នកនាំពាក្យ​កង​នាវាចរណ៍​ទី​៧ នៃ​កងជើង​ទឹក​អាម៉េរិក លោក​អនុសេនីយ៍ឯក ចូ ខេ​លី និយាយថា “​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​រុស្ស៊ី​អំពី​បេសកកម្ម​នេះ​គឺ​មិន​ពិត​ទេ​។ នាវា USS John S McCain មិន​ត្រូវ​បាន​បណ្តេញចេញ​ពី​ដែនទឹក​របស់​ប្រទេស​ណាមួយ​នោះឡើយ​”​។​

​លោក​បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​”​នឹង​មិន​ឱនក្បាល​ចុះចាញ់​ចំពោះ​ការ​បំភិតបំភ័យ​ឬ​ការបង្ខំ​ឱ្យ​ទទួលស្គាល់​ការអះអាង​លើ​ដែនសមុទ្រ​ខុសច្បាប់​ដូច​អ្វី​ដែល​បាន​ធ្វើឡើង​ដោយ​សហព័ន្ធរុស្ស៊ី​នោះ​​ឡើយ​”​។​

​ឧបទ្ទវហេតុ​បែបនេះ​នៅលើ​សមុទ្រ​គឺ​កម្រ​មាន​ណាស់ ទោះបីជា​នាវា Admiral Vinogradov​ធ្លាប់​ជាប់​ទាក់ទង​នឹង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នាវា​អាម៉េរិក​មួយគ្រឿង​នៅ​សមុទ្រ​ចិន​ខាងកើត​កាលពី​ឆ្នាំ​​មុន​ក៏ដោយ​។​

​ទាំង​រុស្ស៊ី​និង​អាម៉េរិក​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ឧបទ្ទវហេតុ​មួយ​នោះ​៕

នាវា USS John S McCain របស់​អាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular