ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
បច្ច័យ
(ប៉័ច-ចៃ)
នាមសព្ទ
( បា. បច្ចយ; សំ. ប្រត្យយ ) ហេតុជាទីអាស្រ័យតគ្នា; ទំនង, លំអាន; ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ ។ ល ។ គ្រឿងអាស្រ័យសម្រាប់បព្វជិត ( ម. ព. ចតុប្បច្ច័យ ) ។ ព. វ. អក្សរដែលចុះផ្សំខាងចុងធាតុ (កិរិយាសព្ទ) នៃភាសាបាលីឬសំស្ក្រឹត, ដូចជា នាយក, មកពី នី “នាំ, ដឹកនាំ” និង ណ្វុ-បច្ច័យ ផ្លាស់ជា អក៑ ផ្សំជា នាយក ន. ” អ្នកនាំ, អ្នកដឹកនាំ”; ស្ត្រីជា នាយិកា ដោយបញ្ចូល ឥ ( អាគម ) និង អា-បច្ច័យ មកផ្សំផង ( សម្រាប់ឥត្ថីលិង្គ ) ។ បារ. ហៅ Suffixe ។
ចតុប្បច្ច័យ
(ចៈតុប-បុ័ច-ច័យ)
នាមសព្ទ
(បា.; សំ. ចតុរ៑ + ប្រត្យយ) គ្រឿងសម្រាប់អាស្រ័យ ៤ យ៉ាង គឺ ចីវរ គ្រឿងស្លៀកដណ្ដប់, បិណ្ឌបាត អាហារ, សេនាសនៈ លំនៅ, គិលានភេសជ្ជៈ ថ្នាំរំងាប់ជំងឺ, រំងាប់រោគ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា) ។
បិណ្ឌបាតប្បច្ច័យ
(បិន-ឌៈបា-ត័ប-បុ័ច-ចៃ ឬ ប៉ិន-ឌៈប៉ា-ត័ប—)
នាមសព្ទ
( បា. បិណ្ឌបាតប្បច្ចយ ) អាហារបិណ្ឌបាតដែលជាគ្រឿងអាស្រ័យចិញ្ចឹមជីវិតរបស់បព្វជិត ( ម. ព. ចតុប្បច្ច័យ ផង ) ។
បដិច្ចសមុប្បាទ
(ប៉ៈដិច-ចៈ-សៈម៉ុប-បាត)
នាមសព្ទ
( បា. ) ធម៌ឬសភាវៈដែលកើតមានឡើងដោយសារបច្ច័យ គឺគ្រឿងអាស្រ័យទាក់ទងតៗគ្នា ដូចជាសង្ខារកើតមានឡើង ព្រោះមានអវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យនាំឲ្យកើតសង្ខារ, សង្ខារជាបច្ច័យនាំឲ្យកើតវិញ្ញាណ ។ ល ។
ធម៌ទាំងឡាយមានអវិជ្ជាជាដើមឈ្មោះថា បដិច្ចសមុប្បាទ ។