ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ នេះបើតាមការរំលឹកឡើងវិញ ដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេច។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាៈ ” សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាល ជាយូរលង់ណាស់ មកហើយ លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោក ទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិ ដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌ បញ្ចេញសំឡេង និងអរូបីយ៍ របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់ មិនអាចកាត់ថ្លៃបាន ” ។
សម្តេចតេជោ បានបន្តថាៈ ” ល្ខោនស្បែកធំ អាចត្រូវបានគេហៅ ឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោល មួយបែប ដែលប្រើប្រាស់ ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះ ត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើន ជារឿងបែបព្រហ្មណ៍សាសនា ” ។
សម្តេចតេជោ បានបន្តទៀតថាៈ ” ល្ខោនស្បែកធំ គឺជាសិល្បៈមួយ មានប្រវត្តិ នៅពេលព្រហ្មសាសនា ចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែង ក្នុងពិធីតែពីរ ឬ បីប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬ ក្នុងពិធីសក្ការៈ របស់ឥស្សរជនល្បីៗ ” ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានក្រើនរំលឹកថាៈ ” កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរ គ្រប់ៗរូប ” ៕/V