ដោយៈ ជា សីហៈ/ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា មានទឹកប្រាក់សរុប ២២ ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កើន១៨ ភាគរយ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោនៅថ្ងៃទី២៥ ខែវិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា តួលេខចុងក្រោយនៃការនាំចេញរបស់ កម្ពុជា បង្ហាញថាមានកំណើន ១៨ភាគរយ បើទោះបីប្រឈមនឹងការរីករាលដាលជំងឺកូវីដ ១៩។
សម្តេចតេជោ ហ៊ុន សែន បានបន្តនៅពេលនោះថា ចំណូលថវិកាចរន្តឆ្នាំ២០២០ មានប្រមាណ ៤.៥០០ លានដុល្លារ។ ចំណូលចរន្តនេះ បានមកពីចំណូល ពន្ធដារ ប្រមាណ ២.៥០០ លានដុល្លារ និងចំណូលពន្ធគយ ប្រមាណ ២.១០០ លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណូលចរន្តឆ្នាំ២០២០ អាចទៅកៀក ៥.០០០ លានដុល្លារ នៃចំណូលថវិកាចរន្ត ទោះបីចំណូលឆ្នាំនេះ មិនគ្រប់តាមផែនការដ៏ដោយ ដោយសារការរីករាលជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះ សម្តេចលើកឡើងថា រាជរដ្ឋាភិបាលមានសល់សាច់ប្រាក់សន្សំ ជាង ៣.០០០ លានដុល្លារ សម្រាប់ចំណាយចាំបាច់នានា៕