ប្រែសម្រួល : កញ្ញាដាលីស ៖ វិទ្យាស្ថានវ៉ាក់សាំងជាតិនឹងចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៦ ពាន់លានដុល្លារសម្រាប់វ៉ាក់សាំងកូវីដ១៩ ជាមួយក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស-ស៊ុយអែតឈ្មោះ AstraZeneca នៅថ្ងៃសុក្រខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃពុធ។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃលោកស្រី ត្រៃស៊ូរី តៃសារ៉ាណាគុល បាននិយាយនៅថ្ងៃពុធទី២៥វិច្ឆិកានេះថា លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នឹងធ្វើជាអធិបតីក្នុងពិធីនេះក្រោយពីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាបានអនុម័តការទិញវ៉ាក់សាំងនេះ។
លោកស្រីត្រៃស៊ូរីនិយាយថា កិច្ចសន្យាគឺស្ថិតនៅក្រោមលក្ខខណ្ឌថា ប្រទេសថៃអាចឬមិនអាចទទួលបានវ៉ាក់សាំង ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនិងកត្តាដទៃទៀត។
លោកស្រីបន្តថា “ការចុះហត្ថលេខាលើកិច្ចសន្យានេះនឹងផ្តល់ឱ្យប្រជាជនថៃនូវឱកាសប្រសើរជាងប្រទេសដទៃទៀតដើម្បីទទួលបានវ៉ាក់សាំង។ ការទទួលយកវ៉ាក់សាំងរំពឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២១”។
កិច្ចសន្យានេះអាចនឹងគ្របដណ្តប់លើការផលិតវ៉ាក់សាំងនៅក្នុងប្រទេសថៃនៅឯរោងចក្ររបស់របស់ក្រុមហ៊ុន Siam Bioscience Group ។ លោកស្រីបាននិយាយថាវារួមបញ្ចូលទាំងការផ្ទេរបច្ចេកវិជ្ជាផលិតកម្មផងដែរ។
នៅក្រោមកិច្ចសន្យានេះ ថៃនឹងបញ្ជាទិញវ៉ាក់សាំងចំនួន ២៦ លានដូសគ្រប់គ្រាន់ល្មមសម្រាប់ចាក់ឱ្យមនុស្សចំនួន ១៣ លាននាក់៕
ថៃនឹងចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រ