ដោយៈ សុផានីតា / កោះកុងៈ តំណាងប្រជាពលរដ្ឋ រស់នៅតាមបណ្តាឃុំ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទូចដល់ប្រធានក្រុមប្រឹក្សា អភិបាលខេត្តកោះកុង និងមន្ទីរជំនាញ ចុះធ្វើបណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លី ដែលពួកគាត់រស់នៅ និងអាស្រ័យផលជាច្រើនឆ្នាំ មកហើយ ពីដូនតាមក។
ការស្នើសុំរបស់ប្រជាពលរដ្ឋ យ៉ាងដូច្នេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកោះកុង អាណត្តិទី៣ ក្នុងបរិវេណសាលា ស្រុកបូទុមសាគរ នៅពេលពលរដ្ឋ តែងរងផលប៉ះពាល់ ដោយសារតែក្រុមហ៊ុនវិនិយោគ ឬអង្គការវ៉ាយអេត ជំទាស់ជាបន្តបន្ទាប់។
លោក ហែម ង៉ែត មេភូមិព្រលេន ឃុំកណ្តោល បានឱ្យដឹងថាៈ ដីធ្លីដែលកំពុងរស់នៅ ធ្លាប់បានយុវជនសម្តេចតេជោ វាស់វែងក្នុងបទបញ្ជា ០១ ពុំទាន់មានប្លង់ កម្មសិទ្ធិនៅឡើយ គិតមកទល់ពេលនេះ។ ក្រៅពីចង់បានប័ណ្ណកាន់កាប់ដីធ្លី ក៏មានបញ្ហាចង់បាន ភ្លើងអគ្គិសនី ប្រើប្រាស់ជាង ២០ គ្រួសារ កន្លងទៅ ខាងក្រុមហ៊ុន សន្យា ត បណ្តាញ ចូលមូលដ្ឋាន។
អ្នកស្រី ប្រាំង វើន ពលរដ្ឋភូមិកំពង់ថ្ម បានលើកឡើងថាៈ ពួកគាត់ រស់នៅលើដីធ្លី ផ្ទះសម្បែង តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ពុំទាន់មានអាជ្ញាធរស្រុក ខេត្ត ចុះវាស់វែង កាត់ឆ្វៀលចេញ ពីតំបន់ការពារទេ ។ បើគ្មានឯកសារស្របច្បាប់ទេ ពួកគាត់ រងប្រឈមនឹងការបាត់បង់ដី ពេលណាមួយ បុគ្គលមានអំណាច ឬក្រុមហ៊ុនផ្សេងៗ។
ទាក់ព័ន្ធបញ្ហានេះដែរ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សា ខេត្តកោះកុង និងអ្នកស្រី មិថុនា ភូថង សុទ្ធតែអះអាងថា សុំពលរដ្ឋកុំបារម្ភ ព្រោះអាជ្ញាធរ បានគិតគូរដោះស្រាយជូនហើយ នៅឡើយ រង់ចាំតែអនុក្រឹត្យ សម្រេចពីរាជរដ្ឋាភិបាលកម្ពុជា លើការពិនិត្យកាត់ឆ្វៀល ចេញពីតំបន់ការពារអភិរក្ស ដូច្នេះសុំពេលវេលា បានលម្អិតការងារ ចុងក្រោយ។
លោក កាយ សំរួម បានពន្យល់ទៀតថា ការផ្តល់សេវារដ្ឋបាលខេត្ត ស្រុក ឃុំ គឺធ្វើយ៉ាងណា លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង តាមរយៈសំណើ ឬសំណូមពរណា នៅសេសសល់ ពុំទាន់ដោះស្រាយ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត ស្រុក ឃុំសង្កាត់ នឹងយកទៅប្រជុំពិចារណាថា ត្រូវដោះស្រាយ ជូនពលរដ្ឋរបៀបណា។
រីឯខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ ចំនួន ២០ គ្រួសារ នៅភូមិព្រលោន ត្រូវបានលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង ក៏ដូចជា តំណាងក្រុមហ៊ុនភ្លើងអគ្គិសនី របស់លោក ហេង ហ៊ុយ បានលើកឡើងថាៈ សម្រាប់ឆ្នាំ២០២០ ជាគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា គ្រប់ភូមិ ត្រូវបានភ្លើងអគ្គិសនី ប្រើប្រាស់។ តែកត្តាភូមិសាស្ត្រខេត្ត មានពលរដ្ឋនៅកោះ ពុំទាន់តែភ្ជាប់ បានគ្រប់គ្រាន់ នៅឡើយទេ រីឯមូលដ្ឋានពលរដ្ឋ នៅលើគោកវិញ ព្រោះតែវិបត្តិកូវីដ ១៩ ធ្វើឱ្យគម្រោងអភិវឌ្ឍន៍ ថាមពលអគ្គិសនី បានផ្លាស់ប្តូរ កសាងបណ្តាញ ទៅគោលដៅផ្សេងៗគ្នា។
លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង បានបញ្ជាក់ថាៈ របាយការណ៍ តភ្ជាប់បណ្តាញអគ្គិសនី នៅក្នុងស្រុកបូទុមសាគរ ត្រូវបានក្រុមហ៊ុន អះអាងថា អនុវត្តបានគ្រប់ភូមិ រួចរាល់អស់ហើយ។ ចំពោះខ្វះខាត ក្នុងភូមិព្រលោន ក្រុមហ៊ុនហេង ហ៊ុយ ស្រាយបំភ្លឺថា មូលដ្ឋានភូមិនេះ ដាក់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២១ ខាងមុខ ការខ្វះចន្លោះដាក់ឆ្នាំ ២០២០ បានរំកិល ទើបកកស្ទះថវិកាអនុវត្ត៕/V