Home ព័ត៌មានជាតិ សង្គម ​បញ្ចប់​ការជួ...

​បញ្ចប់​ការជួសជុល ព្រះពុទ្ធ​បដិមា មួយអង្គ នៅ​រួត​បាកាណ កំពូល​ប្រាសាទអង្គរវត្ត​

ដោយៈ អង្គរតូច / សៀមរាបៈ ព្រះពុទ្ធ​បដិមា មួយអង្គ នៅ​ទិស​ខាងត្បូង នៃ​រួត​បាកាណ កំពូល​ប្រាសាទអង្គរវត្ត ដែលមាន​បញ្ហា​ចុះខ្សោយ គុណភាព​សំណង់ ត្រូវបាន​អ្នកជំនាញ​អភិរក្ស​ចម្លាក់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​រួចរាល់​ជា​ស្ថាពរ នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​ឱ្យដឹង នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​។​

​លោក សយ សុភា​រិន្ទ មន្ត្រី​ជំនាញ​អភិរក្ស​ចម្លាក់ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ដែលជា​អ្នក​ជួសជុល បានលើកឡើង​ថាៈ ព្រះពុទ្ធ​បដិមា​អង្គ​នេះ មាន​បញ្ហា​មួយចំនួន នៅត្រង់​ព្រះ​សិរ ព្រះ​ភក្ត្រ ជើង​ផ្នែក​ខាងក្រោម និង​ជើង​ទម្រ ទប់​លំនឹង​។ ដោយសារតែ​ជើង​ទម្រ ទប់​លំនឹង​ខ្សោយ​គុណភាព ធ្វើឱ្យ​ទម្ងន់​រូប សង្កត់ធ្ងន់​លើ បាតជើង​ក្រោម ដែលនាំឱ្យ​ជើង​ក្រោម ប្រេះ​បែកបាក់ ព្រោះ​ទ្រ​ទម្ងន់​ធ្ងន់​ពេក​។​

​លោក​បាន​បន្តថាៈ ដើម្បី​សង្គ្រោះ​បដិមា ឱ្យ​ល្អប្រសើរ​ឡើងវិញ ក្រុម​អ្នក​អភិរក្ស ត្រូវ​តាមដាន​អង្កេត​មើល ពី​ស្ថានភាព​ខូចខាត​ជាប្រចាំ ហើយ​សិក្សា​ស្រាវជ្រាវ ចងក្រង និង​ជួសជុល បាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ ដល់​បដិមា​ទាំងមូល ។ បច្ចុប្បន្ននេះ អ្វីដែល​ត្រូវធ្វើ​ដំបូង គឺ​ពង្រឹង​ជើង​ក្រោម ផ្លាស់ប្តូរ​ទ្រនល់ សម្រាប់​ទប់​បដិមា ឱ្យមាន​លំនឹង​ឡើងវិញ ដើម្បី​កាត់បន្ថយ​កម្លាំង​សង្កត់ ទៅលើ​ជើង​ទម្រ​។ ចំពោះ​ព្រះកាយ​បដិមា ក្រុមការងារ បាន​ប្រើ​វិធី​សម្អាត​ស្ងួត ដោយ​ប្រើ​ច្រាស ជក់ ទន់ៗ បោស​ធូលី ក្តាំង​ធូលី សំបុក​ពីងពាង ឆ្កែ​ង៉ាំង ឱ្យ​ស្អាត រួចហើយ​សម្អាត​សើម ដោយ​សម្អាត​ស្នឹម​ខ្មៅ ដែល​បណ្តាលមកពី ផ្សែង​ធូប​ទៀន​រុំ កំណក​ក្តាំង​អំបិល នៅលើ​ព្រះកាយ ព្រះ​ភក្ត្រ និង​ព្រះ​សិរ ដោយ​ប្រើ​វត្ថុ​ធាតុ ដើម្បី​វិភាគ​ថា តើ​ជាតិ​អ្វី ដែល​អាច​សម្អាត​អំបិល​បាន ពង្រឹង​កន្លែង​ពុកផុយ​បាន ជាតិ​អ្វី​អាច​រក្សា​ពណ៌​ដើម​បាន​។​

​លោក​បាន​បន្ថែមថាៈ ព្រះពុទ្ធ​អង្គ​នេះ ដើមឡើយ គឺ​នៅជាប់​នឹង​ជញ្ជាំង បិទ​សន្ធប់​ទ្វារ​បន្ទប់ នៅ​រួត​បាកាណ តែ​ត្រូវបាន​ដាប់​ចេញ ពី​ជញ្ជាំង នៅក្នុង​សម័យ​បារាំង ប្រហែល​ឆ្នាំ ១៩៤៣ ដើម្បី​ជីក​កំណាយ​អណ្តូង កណ្តាល​តួ​បាកាណ ចុះទៅ​ក្រោម ក្នុង​បំណង​ស្រាវជ្រាវ​បុរាណវិទ្យា​៕/V​

ព្រះពុទ្ធ​បដិមា មួយអង្គ នៅ​ទិស​ខាងត្បូង នៃ​រួត​បាកាណ កំពូល​ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលរួចជាស្ថាពរ

ព្រះពុទ្ធ​បដិមា មួយអង្គ នៅ​ទិស​ខាងត្បូង នៃ​រួត​បាកាណ កំពូល​ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលរួចជាស្ថាពរ

ព្រះពុទ្ធ​បដិមា មួយអង្គ នៅ​ទិស​ខាងត្បូង នៃ​រួត​បាកាណ កំពូល​ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលរួចជាស្ថាពរ

ព្រះពុទ្ធ​បដិមា មួយអង្គ នៅ​ទិស​ខាងត្បូង នៃ​រួត​បាកាណ កំពូល​ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលរួចជាស្ថាពរ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular