ដោយៈ សរិទ្ធ / ស្វាយរៀងៈ គ្រូពេទ្យឯកជនម្នាក់ ដែលចាក់ថ្នាំ និងព្យួរសេរ៉ូម ដើម្បីជំនួយកម្លាំង បណ្ដាលឱ្យស្ត្រីម្នាក់ ស្លាប់នោះ បានត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគគីរសោម ឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថាៈ គ្រូពេទ្យឯកជនម្នាក់នោះ ឈ្មោះ សោម សិទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ ប៉ាល់ សារ៉ុន អាយុ៥៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោក ប៉ាល់ ជឿន មេភូមិបាត់ថង់ ត្រូវជាប្អូនប្រុសបង្កើត របស់ជនរងគ្រោះ បានឱ្យដឹងថាៈ នៅវេលាម៉ោង ៦និង១៦នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា បងថ្លៃរបស់គាត់ បានប្រាប់ថា បងស្រីបង្កើតឈ្មោះ ប៉ាល់ សារ៉ុន មានជំងឺរ៉ាំរ៉ៃ ប្រចាំកាយជាច្រើនឆ្នាំ មកហើយ។ រហូតមកដល់ម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៤ វិច្ឆិកា នេះ ឈ្មោះ នង ចន អាយុ៥១ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានទូរស័ព្ទហៅគ្រូពេទ្យឯកជន ឈ្មោះ សោម សិទ្ធី ឱ្យមកពិនិត្យ និងព្យួរសេរ៉ូមឱ្យ ដើម្បីជំនួយកម្លាំង ដល់ប្រពន្ធរបស់ខ្លួន។ លុះមកដល់វេលាម៉ោង៥និង២២នាទីល្ងាចថ្ងៃដដែលស្រាប់តែស្ត្រីរងគ្រោះបានស្លាប់ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
យោងតាមការពិនិត្យ របស់មន្ត្រីជំនាញ និងគណៈកម្មការកោសល្យវិច័យ នៃមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានសន្និដ្ឋានថាៈ ស្ត្រីជនរងគ្រោះ មានជំងឺបេះដូង និងសំពាធឈាមឡើងខ្លាំង ក្រោយពីគ្រូពេទ្យ ចាក់ថ្នាំ និងព្យូរសេរ៉ូម ទើបបណ្ដាលឱ្យស្លាប់ បែបនេះតែម្ដង។
ក្រោយពីពិនិត្យរួច សមត្ថកិច្ច បានប្រគល់សពទៅឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី និងបានឃាត់ខ្លួនជនសង្ស័យ ជាគ្រូពេទ្យឯកជន មកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំគគីរសោម ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ចាត់ការតាមច្បាប់៕/V