ដោយ: ជាសីហៈ/ភ្នំពេញ: នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន នឹងបន្តការហោះហើរត្រង់រវាងទីក្រុងតូក្យូនិងភ្នំពេញនៅខែក្រោយនេះ។
ក្រុមហ៊ុននេះបានអះអាងថា នៅខែធ្នូក្រុមហ៊ុន នឹងបន្តដំណើរការផ្លូវហោះហើរតូក្យូ-ភ្នំពេញ បន្ទាប់ពីវាត្រូវបានផ្អាកកាលពីខែមេសា ដោយសារតែការរីករាលដាលមេរោគកូវីដ១៩។
ក្រៅពីផ្លូវហោះហើរតូក្យូ-ភ្នំពេញ ក្រុមហ៊ុននេះក៏បានសន្យាថា នឹង បង្កើនចំនួនជើងហោះហើរ តូក្យូ – សាំងហ្គាពួរ ក៏ដូចជាទីក្រុងហាណូយទៅតូក្យូ ទីក្រុងហូជីមិញទៅទីក្រុងតូក្យូ ជាដើម។
នៅថ្ងៃដដែលនោះស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាក៏បានប្រកាសដំណឹងល្អនេះដល់សាធារណៈជនផងដែរ។
ស្ថានទូតបានប្រកាសថា “នៅថ្ងៃទី ២៥ ខែវិច្ឆិកាក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថាក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី ២ ទី ៥ ទី៩ ទី១២ ទី១៦ ទី ១៩ ខែធ្នូឆ្នាំ ២០២០ និងថ្ងៃទី ៩ និងថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១ ។
ក្នុងអំឡុងពេលនោះ ANA បាននិយាយថាក្រុមហ៊ុននឹងប្រើប្រាស់ Boing 788 ជាមួយអ្នកដំណើរចំនួន ១៨៤ នាក់។ ជើងហោះហើរនឹងចេញដំណើរពីណារីតានៅម៉ោង ១៦ : ០០ ទៅភ្នំពេញនិង ២១ : ០០ ហើយនឹងចាកចេញពីភ្នំពេញនៅម៉ោង ២២:៥០ សម្រាប់ណារីតានៅម៉ោង ០៦ : ៤០ + ១៕