ដោយ: គូលែន / សៀមរាប: នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដែលហៅកាត់ថា គ.ខ.ប.ជ ដោយមានការចូលរួមពីលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និង តំណាងអង្គការដៃគូក្នុងខេត្តសៀមរាប។
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន បានបញ្ជាក់ថា លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប តែងតែបើកកិច្ចប្រជុំប្រចាំខែជាទៀតទាត់ ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានដាក់ចេញកាលពីខែមុន ថាតើសម្រេចបានអ្វីខ្លះ នៅសល់អ្វីខ្លះដែលជាបញ្ហាប្រឈម ដើម្បីលើកជាវិធានការដោះស្រាយ រួមទាំងការលើកជាផែនការសម្រាប់អនុវត្ត សំដៅទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពដូចជា ការទប់ស្កាត់អំពើជួញដូរមនុស្ស , ការធ្វើអាជីវកម្មផ្លូវភេទ , អំពើហិង្សាក្នុងគ្រួសារ , កិច្ចការពារជនរងគ្រោះ និង ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ។
លោកស្រីបានបញ្ជាក់បន្តថា យើងនៅសល់បញ្ហាពីខែមុនចំនួន៥ ដែលយើងត្រូវរួមគ្នាដោះស្រាយ គឺ ទី១. ការពិនិត្យ និងគ្រប់គ្រងប្រព័ន្ធបញ្ជូន និងទទួលជនរងគ្រោះដោយអំពើជួញដូរ មនុស្សរវាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូជាតិ អន្តរជាតិក្នុងការបញ្ជូនជនរងគ្រោះទៅមន្ទីរសង្គមកិច្ច ដែលមន្ទីរសង្គមកិច្ចជាអ្នកគ្រប់គ្រងទិន្នន័យរួម ហើយត្រូវធ្វើការបែងចែកអំពីប្រភេទនៃជនរងគ្រោះឱ្យបានត្រឹមត្រូវ, ទី២. ពិនិត្យលើការគ្រប់គ្រងមណ្ឌលសុវត្ថិភាព សម្រាប់ជនរងគ្រោះ និងគ្រប់គ្រងប្រព័ន្ធនៃការធ្វើសមាហរណកម្មជនរងគ្រោះត្រឡប់មកគ្រួសារ ឬនៅសហគមន៍វិញ, ទី៣. ស្នើសុំឱ្យមានការបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាល នៅតាមប៉ុស្តិ៍ឃុំសង្កាត់នៅទូទាំងខេត្ត អំពីច្បាប់ស្តីពីអនីតិជន, ទី៤. ពិនិត្យទៅលើស្ថានភាពរបស់ពលករដែលទើបត្រឡប់មកពីក្រៅប្រទេស អំពីការទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការទទួលបានការងារធ្វើនៅក្នុងប្រទេស តាមរយៈការិយាល័យមជ្ឈមណ្ឌលការងារខេត្តសៀមរាប និង ទី៥. ពិនិត្យលើបញ្ហាប្រឈមនៃការបាត់បង់ការងារធ្វើនៅក្នុងខេត្ត និងជំរុញលើការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដល់កម្មករនិយោជិត ដែលបានបាត់បង់ការងារធ្វើ។
ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្តបានសម្ដែងនូវការកោតសរសើរចំពោះលោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ខ.ប.ជ ដែលបានសហការជាមួយរដ្ឋបាលខេត្តទទួលពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសបានត្រឡប់មកវិញ ដោយបាននៅប្រចាំការនៅតាមព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត-ម៉ាឡៃ -អូរបី ជាន់ ដើម្បីធ្វើការសម្របសម្រួលទទួល ពលករដែលវិលត្រឡប់មកវិញទាំងយប់ទាំងថ្ងៃ ដោយអនុវត្តន៍តាមវិធានការសុ ខាភិបាលដូចជា ការស្ទង់កំដៅ, ការសំអាតអនាម័យ, ការពិនិត្យសុខភាព, ការអនុវត្តន៍គោលការណ៍ចត្តាឡីស័ក្ក, ការផ្តល់អាហារ និងមធ្យោបាយដឹកជញ្ជូនទៅតាមមូលដ្ឋាន ហើយបន្តតាមដានសុខភាព ជីវភាពព្រមទាំងផ្តល់សេវាតាមតម្រូវការផ្សេងៗជូនពួកគាត់ ជាពិសេសការឆ្លើយតបទៅនឹងកិច្ចការពារជំរុញដល់ការអនុវត្តន៍ច្បាប់ក្រុមការងារក៏បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរដែលចាញ់ បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ និងឈានដល់ការឃាត់ខ្លួនមេខ្យល់ ដែលនាំចេញឆ្លងដែនដោយមិនស្របច្បាប់ បានជាច្រើនករណី៕