ដោយ: សរិទ្ធ / កំពង់ឆ្នាំង: បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូកាលពី វេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ភាវ ស្រ៊ុន ភេទប្រុស មុខរបរកាប់ជ្រូក មានទីលំនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះ សុខ វណ្ណដេត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស មុខរបរជាបុគ្គលិកមេក្រូហិរញ្ញវត្ថុស្ថាបនា។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៣ ក្នុងទិសដៅបញ្ច្រាសគ្នា។ លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារអ្នកបើកបរម៉ូតូមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន៕