ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នឹងត្រូវបិទផ្សាយព្រមៗគ្នានៅតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេសនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង មានចំនួន ៨.៨៣១.៩៨៨នាក់ ហើយការិយាល័យបោះឆ្នោតសរុប មានចំនួន ២៣.៤២៥ការិយាល័យ។ ដោយឡែកអ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១៥៤.៧៦៨នាក់។
រូបថតៈកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្តីការ គ.ជ.ប
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្តីការ គ.ជ.ប លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.បបានឱ្យដឹងបន្ថែមថាការបិទផ្សាយបញ្ជីបោះឆ្នោតដំបូនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលដៅឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ដើម្បីឱ្យប្រាកដថាឈ្មោះរបស់ខ្លួនមានភាពត្រឹមត្រូវ និងច្បាស់លាស់។
ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ មានការចាប់អារម្មណ៍ខ្លាំងទៅលើឈ្មោះអ្នកបោះឆ្នោតជាង ១៥ម៉ឺននាក់ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០។ ករណីនេះលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា ការលុបនេះ គ.ជ.ប ត្រូវធ្វើចំពោះអ្នកបោះឆ្នោត ៖បានទទួលមរណភាព បានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង បានចុះឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន) ត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត។
ការលុបឈ្មោះប្រជាពលរដ្ឋណាម្នាក់ចេញពីបញ្ជីបោះឆ្នោត ត្រូវផ្អែកលើឯកសារសំអាងត្រឹមត្រូវច្បាស់លាស់ និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាលដើម្បីធានាថាប្រជាពលរដ្ឋខែ្មរគ្រប់រូបដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្នុងនោះក៏មាននីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្តឹងផងដែរ។ បណ្តឹងនោះ គេឱ្យឈ្មោះថា បណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់។
– បណ្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ។
– បណ្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង ។
លោកហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ កាន់តែមានភាពត្រឹមត្រូវ និងតម្លាភាព សូមឱ្យប្រជាពលរដ្ឋគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ អញ្ជើញចូលរួមពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួននៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ឱ្យបានគ្រប់ៗគ្នា។
បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ក្រៅពីបិទផ្សាយនៅតាមឃុំ សង្កាត់ បញ្ជីនេះក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬអាចស្វែងរកតាមកម្មវិធីទូរស័ព្ទដៃ (app) Voterlist KH ផងដែរ៕
រូបថតៈលោក ហង្ស ពុទ្ធានៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្តីការ គ.ជ.ប
រូបថតៈកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្តីការ គ.ជ.ប