ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពិភាក្សាពេញមួយថ្ងៃ បានអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន ៧ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជូន តាមផ្លូវអាកាស។
អង្គប្រជុំរដ្ឋសភានេះ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤ រូប ។
សេចក្តីព្រាងច្បាប់ ដែលទើបនឹងអនុម័តនេះ មាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ។ ២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។ ៤-សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។ ៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ ទៅវិញទៅមក លើការផ្តល់អាជ្ញាប័ណ្ណ ក្រុមអាកាសយានិក។ ៦- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើ៖ -ពិធីសារទី៣ ស្តីពីសិទ្ធិសហការ លើជើងហោះហើរ ក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃប្រទេស ជាសមាជិកអាស៊ានណាមួយ -ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរ កូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដី នៃប្រទេស ជាសមាជិក អាស៊ាន និង៧-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារអនុវត្ត កញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ដែលមាន ៦ជំពូក ១៥មាត្រា ត្រូវបានអង្គរដ្ឋសភា បានអនុម័តយល់ព្រម ចំនួន ១១៦ សំឡេង ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់។ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គរដ្ឋសភា ពីលទ្ធផល នៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ ខណៈសមាជិករដ្ឋសភា ដែលឡើងមានមតិ ក្នុងការពិភាក្សា សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ រូបគឺ សម្តេចពិជ័យសេនា ទៀ បាញ់ លោក ហ៊ុន ម៉ានី លោក ទី សុគន្ធ និងលោក ឈាង វុន។
ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ មាន ៣ជំពូក ២២មាត្រា ត្រូវអង្គរដ្ឋសភា បានអនុម័ត យល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១១៦ សំឡេង។ ចំណែក សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ មាន ៥ជំពូក ១៦មាត្រា ត្រូវបានអង្គរដ្ឋសភា បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១១៣ សំឡេង។ រីឯសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរ សេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមាន ៥ជំពូក ៨ផ្នែក ២៥មាត្រា ត្រូវអង្គរដ្ឋសភា បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១១៣ សំឡេង។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់ ទាំង ៣ នេះ។
ជាមួយគ្នានេះដែរ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ ទៅវិញទៅមក លើការផ្តល់អាជ្ញាប័ណ្ណ ក្រុមអាកាសយានិក ដែលមាន ២មាត្រា និងត្រូវបានលោកស្រី និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់នោះ បានត្រូវអនុម័ត ១១៣ សំឡេង។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការ លើជើងហោះហើរ ក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃប្រទេស ជាសមាជិកអាស៊ាន ណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរ កូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដី នៃប្រទេស ជាសមាជិកអាស៊ាន ត្រូវបានអង្គរដ្ឋសភា បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១១៣ សំឡេង។ សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា ។ សេចក្តីព្រាងច្បាប់ទាំងនេះ ការពារដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងសហការី ជាតំណាងរាជរដ្ឋាភិបាល។
ជាចុងក្រោយ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ត្រូវបានអង្គរដ្ឋសភា បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១១៣ សំឡេង។ សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា ក៏ត្រូវបានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ ។
សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ បានផ្អាកនៅវេលាម៉ោង ១៦:០២នាទី ថ្ងៃខែឆ្នាំដដែល។ សម័យប្រជុំរដ្ឋសភា បន្តនឹងជម្រាបជូនដំណឹង នៅពេលក្រោយ៕/V