ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើរពីទឹកព្រះទ័យរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលព្រះអង្គទាំងទ្វេ មានទឹកព្រះទ័យមនុស្សធម៌មហាសាលសម្រាប់ប្រជាពលរដ្ឋកម្ពុជាយកជាគំរូ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុម «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២០នេះ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រក្រជាងគេនៅលើពិភពលោក តែជាព្រះ មហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌មហាសាលសម្រាប់ប្រជាពលរដ្ឋកម្ពុជាយកជាគំរូ» ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ព្រះមហាក្សត្រជាអ្នកនាំមុខគេក្នុងការប្រោសប្រទានព្រះរាជទ្រព្យជាថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើ សកម្មភាពប្រយុទ្ធកូវីដ១៩នៅកម្ពុជា ។ ដោយដំបូងព្រះអង្គទាំងទ្វេបានបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារ និង នោលើកទី២ចំនួន ២ លានដុល្លារបន្ថែម ទៀត ។ ព្រះរាជកាយវិការប្រកបដោយមនុស្សធ៌មរបស់ព្រះអង្គទាំងទ្វេ បានធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋកម្ពុជា,ក្រោយពីការប្រោសព្រះរាជប្រទានរបស់ ព្រះមហាក្សត្រនិងលួងម៉ែ ក៏មានឧកញ៉ាៗមួយចំនួនបានចូលជាបន្ដបន្ទាប់ដែលធ្វើឲ្យថវិកាឡើងរហូតដល់ជាង១៩លានដុល្លារហើយបានចាយអស់ ១១ លានដុល្លារនៅសល់៨លានដុល្លារនឹងកំពុងបញ្ជាទិញសម្ភារមកបន្ថែមទៀតដើម្បី ប្រយុទ្ធនឹងកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថានៅក្នុងដំណាក់កាលកូវីដនេះប្រទេសខ្លះប្រធានាធិបតីចេញក្រឹត្យកាត់ប្រាក់ខែមន្ដ្រីរដ្ឋការ, ប៉ុន្ដែសម្រាប់ កម្ពុជាមិនបានប្រកាសកាត់ប្រាក់ខែមន្ត្រីរាជការទេ, ក៏ប៉ុន្តែមន្ដ្រីកម្ពុជារាប់ម៉ឺននាក់បានចូលរួមបរិច្ឆាគប្រាក់ខែរបស់ខ្លួន ខណៈមកដល់ពេលនេះមានទឹក សរុបប្រមាណ៤២ពាន់លានរៀល ស្មើនឹងជាង១០លានដុល្លារ បានមកពីការបរិច្ចាគប្រាក់ខែរបស់មន្ត្រីរាជការ ។ បើតាមសម្តេចប្រាក់ដែលទទួលបានពីការ បរិច្ឆាគរបស់មន្ដ្រីរាជការទាំងអស់មិនទាន់បានប្រើនៅឡើយទេ ៕