ដោយៈ សម្បត្តិ / ភ្នំពេញៈ ប៉ូលិសប៉ុស្តិ៍បាក់ខែង រួមជាមួយប្រជាការពារសង្កាត់ បានដេញចាប់បុរសម្នាក់ ដោយសង្ស័យថា ទើបនឹងចេញពីទិញថ្នាំញៀន នៅចំណុចឡឥដ្ឋ បាក់បែក មួយកន្លែង ស្ថិតក្នុងភូមិចំបក់មាស បណ្តាលយុវជននោះ ភ័យស្លន់ស្លោ បើកម៉ូតូគេចជ្រុល ទៅបុកកង់រថយន្ត យីឌុប ដឹកអុសមួយ កិនម៉ូតូ និងជនរងគ្រោះ បាក់ភ្លៅទាំងសងខាង រួចក្រុមប៉ូលិស និងប្រជាការពារនោះ ជិះម៉ូតូចែកផ្លូវគ្នា គេចខ្លួនបាត់អស់។ ហេតុការណ៍នេះ នាវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្លូវលំកែងនឹងផ្លូវជាតិ៦ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ អាយុប្រហែលជាង ២០ ឆ្នាំ ស្លៀកខោខាប៊យ ជើងវែង ពាក់អាវពណ៌ទឹកសមុទ្រ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ 1CA-8206 បានរងរបួសបាក់ភ្លៅ ទាំង ២ ត្រូវបានប្រជាពលរដ្ឋ ជួយហៅរថយន្តសង្គ្រោះ មកដឹកទៅមន្ទីរពេទ្យ ។
តាមប្រភពពីប្រជាពលរដ្ឋ ជុំវិញទីតាំងកន្លែងកើតហេតុ បានលើកឡើង ដូចៗគ្នាថាៈ មុនពេលកើតហេតុ គេឃើញក្រុមប៉ូលិស ប៉ុស្តិ៍បាក់ខែង ជាមួយប្រជាការពារ សង្កាត់បាក់ខែង មានគ្នា ៤ ទៅ ៥ ម៉ូតូ បានធ្វើការចាំស្ទាក់ ចាប់ជនណា ដែលចូលទៅទិញថ្នាំញៀន យកមកប្រើប្រាស់ ហើយមុនពេល ធ្វើឱ្យជនរងគ្រោះ ជិះចូលរថយន្ត រងរបួសធ្ងន់នេះ គឺក្រុមប៉ូលិសនោះ បានចាប់យុវជន ២ នាក់ តែរត់រួចម្នាក់ ចាប់បានម្នាក់ យកទៅសួរនាំម្តងហើយ។ ក្រោយមក នៅម៉ោងកើតហេតុ ក្រុមប៉ូលិស បានមកម្តងទៀត ក៏ដេញបុរសនោះ (ជនរងគ្រោះ) ដោយភ័យខ្លាច ទើបជនរងគ្រោះ ខំបន្ថែមល្បឿន ចេញពីផ្លូវលំ ឡើងមកផ្លូវជាតិ៦ មិនប្រយ័ត្ន ជ្រុលចូលកង់ក្រោយចំហៀងខាងស្តាំ រថយន្ត យីឌុបដឹកអុស បណ្តាលឱ្យកិនចំម៉ូតូ និងបណ្តាលឱ្យជរងគ្រោះ បាក់ភ្លៅទាំង២ ។ ភ្លាមនោះ ក្រុមប៉ូលិស និងប្រជាការពារ បាន បើកម៉ូតូចែកផ្លូវគ្នា បាត់អស់ទៅ។
ដោយឡែក ប្រភពពីប៉ូលិសថ្នាក់ខណ្ឌម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាៈ ពិតជាមានករណី ប៉ូលិសប៉ុស្តិ៍បាក់ខែង ជាមួយប្រជាការពារ ចាប់ជនសង្ស័យ ប្រើប្រាស់ថ្នាំញៀន ពិតមែន គឺមុនពេលកើតហេតុ មានសមត្ថកិច្ច ដេញជនសង្ស័យ បណ្តាលឱ្យជ្រុល ទៅបុកជាមួយរថយន្តនោះ គឺប៉ូលិសប៉ុស្តិ៍ បានចាប់ជនសង្ស័យម្នាក់ ក្នុងចំណោម ២ នាក់ យកមកឱ្យមន្ត្រីជំនាញ សួរនាំនៅខណ្ឌ មានរក្សាទុកថ្នាំ មួយកញ្ចប់ ។ ប៉ុន្តែត្រង់ថា ករណីប៉ូលិសប៉ុស្តិ៍ដេញ ជនសង្ស័យម្នាក់ បណ្តាលឱ្យជ្រុល ទៅបុកជាមួយរថយន្តនោះ មិនទទួលនោះទេ ។
តែទោះជាយ៉ាងណា ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានលើកឡើង ដូចៗគ្នាថា ប៉ូលិសប៉ុស្តិ៍បាក់ខែង ជាមួយប្រជាការពារសង្កាត់ ដេញពីក្រោយ បុរសម្នាក់ បណ្តាលឱ្យជ្រុលទៅបុករថយន្តដឹកអុស ព្រោះសង្ស័យថា មានលាក់ទុកថ្នាំញៀន ហើយប្រជាពលរដ្ឋ បញ្ជាក់ថា សមត្ថកិច្ច ចាំចាប់ ៣ ទៅ ៤ ជើង ក្នុងមួយថ្ងៃៗ ៕/V