ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រកាសបិទផ្សាយ ជាសាធារណៈ នូវឯកសារការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ ស្ថិតនៅក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តទៅ ក្រោមវត្តមានលោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួម លោកសុខ សុន្ធី អភិបាលរងស្រុកទឹកផុស។
លោក ឈុន សុខកុម្ភះ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងថាៈ ក្រោយពីបញ្ចប់ការវាស់ របស់ក្រុមការងារ គ្រប់គ្រងតំបន់វិនិច្ឆ័យ បានសម្រេចបិទផ្សាយ ជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ មានចំនួន ១៥០ គ្រួសារ ឋិតនៅក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយប្រមូលទិន្នន័យ បានចំនួន ១៤០៩ ក្បាលដី ក្នុងនោះមានដីកសិកម្ម ដីលំនៅដ្ឋាន និងដីផ្សេងៗ ការបិទផ្សាយ ពេលនេះ មានរយៈពេល តែ ១៥ ថ្ងៃប៉ុណ្ណោះ ដោយរាប់ទាំងថ្ងៃ ឈប់សម្រាកផង។
នៅក្នុងឱកាសនោះ លោក សាន់ យូ បានសម្តែងនូវការកោតសសើរ ដល់ផ្នែកគ្រប់គ្រងតំបន់វិនិច្ឆ័យ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំរើសេវាសាធារណៈ បានយ៉ាងល្អប្រសើរ ព្រោះបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ទៅលើការរៀបចំផ្តល់សិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ដោយស្របច្បាប់ ដោយមានក្រសួង មន្ទីរជាសេនាធិការស្រាប់ ។
អភិបាលរងខេត្ត បានស្នើសុំអោយប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ ចូលរួមសហការជាមួយ មន្ត្រីគ្រប់គ្រង ក្នុងតំបន់នោះ ក្នុងពេលបិទផ្សាយ ដែលមានរយៈពេល ១៥ ថ្ងៃ ដោយភ្ជាប់មកនូវ ឯកសារ ដូចជា ចុងសន្លឹកសម្គាល់ ក្បាលដី ចេញដោយក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យ សៀវភៅគ្រួសារ និងសំបុត្រកំណើត ដើម្បីងាយស្រួល ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ បានឆាប់រហ័ស ។ លោកក៍បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា៕/V