ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ៦៥ កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន ក្រុងពោធិ៍សាត់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃញី ឃាត់ខ្លួន និងរឹបអូសយក នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុច ផ្ទះជនសង្ស័យ ដែលស្ថិតនៅក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ នូវសារធាតុញៀន ដោយខុសច្បាប់។
លោកវររសេនីយ៍ឯក យឹម ស៊ាងហៃ អធិការ នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ បានឲ្យដឹង នៅវេលារសៀល ថ្ងៃទី២៥ ខែវិច្ឆិកា នេះថាៈ ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ ណូត វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ។
អធិការនគរបាល ក្រុងពោធិ៍សាត់ បានអោយដឹងទៀតថាៈ នៅក្នុងការបង្ក្រាបបទល្មើសនេះ កម្លាំងនគរបាល ក្រុងពោធិ៍សាត់ បានដកហូតវត្ថុតាង មានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៦៥ កញ្ចប់ ក្នុងនោះធំ ១ កញ្ចប់ ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង រួមនឹងឧបករណ៍ផ្សេងៗ មួយចំនួន និងទូរស័ព្ទដៃ ១ គ្រឿង។
លោកអធិការ បានបញ្ជាក់ថាៈ បច្ចុប្បន្ន ជនសង្ស័យ (ណូត វណ្ណៈ) រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត តាមនិតិវិធី៕/V