Home ព័ត៌មានជាតិ នយោបាយ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួបប្រជុំ​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រោយពី​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្ត​ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ទោ GOH SI HOU មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី តប​តាម​សំណើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ GOH SI HOU ដើម្បី​រក្សា​ការភ្ជាប់​ទំនាក់ទំនង​ល្អ និង​បន្ត​ជំរុញ​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ GOH SI HOU ទើបបាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​សិង្ហ​បុរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១ នៅ​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០២០ កន្លងទៅ​។​

​ក្នុងជំនួប​លើក​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង​សិង្ហ​បុរី ជាពិសេស​ផលប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​កើតមាន​បន្ទាប់ពី​មានការ​រាតត្បាត​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​រយៈពេល​ជិត ០១ ឆ្នាំ​កន្លងមកនេះ និង​បាន​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ​ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ជាមួយ​រដ្ឋាភិបាល​រប​ស់​ខ្លួន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​ក្នុង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ជំនាញ​សំខាន់ៗ​មួយចំនួន ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ឡើងវិញ កិច្ចសហប្រតិបត្តិការ​ទាំងនេះ​នឹង​កាន់​តែមាន​សន្ទុះ​ខ្លាំង​ឡើង​បន្ថែមទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular