ប្រចាំថ្ងៃ ព្រហស្បត៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ឆ្នាំជូត
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយពិសេសរឿងសំខាន់តោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតមានផង។សម្រាប់ថ្ងៃនេះការចរចារឿងសំខាន់ក៏តែងងាយកើតភ្លាំងភ្លាត់ណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រសើរជាងមុនហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អខ្លះៗមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយមានទាំងជម្លោះវិវាទនិងរឿងរាវប្រេះស្រាំច្រើនថ្ងៃផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតល្អប្រសើរទាំងបុរសនិងស្ត្រីហើយបើចង់សម្រុកកិច្ចការងារតែងផ្តល់ផលល្អៗមកវិញជានិច្ច។ទោះបីយ៉ាងណាការធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលមិនល្អនោះតែងងាយកើតមានផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនកើតជាផលល្អប៉ុន្មានទេគឺធ្វើអ្វីតែងខកបំណងនោះមានខ្ពស់ផង។សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អមួយចំនួនផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងបើចង់ផ្សះផ្សាជម្លោះវិវាទជាពេលវេលាល្អមួយផងដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រកាន់យកចិត្តត្រជាក់ដាក់ខ្លួនទើបមិនមានបញ្ហាអាក្រក់ណាមួយជ្រែកចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់ពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង៧,០០-៨,៥៩នាទីនិងពេលវេលាល្អមួយទៀតគឺម៉ោង៥,០០-៦,៥៩នាទី ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទៅពឹងពាក់អ្នកដទៃតែងមានក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានការចម្រើនលូតលាស់ទៅមុខ ហើយធ្វើអ្វីងាយស្រួលផង។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងឬចរចាអ្វីមួយពីព្រោះថាផលសម្រេចនោះក៏មានខ្ពស់ណាស់។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទ្បើយពិសេសការចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរតែងហុចផលល្អៗមកវិញដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមចាក់ទឹកមិនលិចប៉ុន្មានទេ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់និងធ្វើមិនដឹងមិនលឺបញ្ហាខ្លះទើបប្រសើរ។ក្រៅពីនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងកិច្ចការងារទើបឆ្លងផលលំបាកទាំងពួងទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរ លាភហេងមានការខ្សត់ខ្សោយដូចនេះហើយមិនអាចលោភលន់ចង់ចំណេញច្រើនបានទេប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាលំបាកច្រើនបន្តិច ហើយទោះធ្វើអ្វីក៏ពុំហុចផលដូចជាទីគាប់ចិត្តដែរ។ក្រៅពីនេះតែងមានក្រុមមនុស្សតាមព្យាបាទយាយី ហើយបើចេះអត់ធ្មត់មិនតបតដោយចិត្តត្រជាក់នោះក៏ជាការប្រសើរបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំសូវលេងម៉េះម៉ោះច្រើននាំតែកើតជម្លោះវិវាទម្តងហើយម្តងទៀត៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំស្វាបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានការជឿនលឿនទៅមុខគួរសម។ក្នុងរង្វង់គ្រួសារមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អនិងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅ ត្រឡប់មក
វិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើនម្លោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាចំណូលរបស់លោកអ្នកមានការហូរចូលគ្រាន់បើ ហើយមានភាពរលូនល្អទៅមុខផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្កៅ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយត្រូវមកគ្រាំគ្រាចិត្ត៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេគឺស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនដូចនេះបើមានការប្រកបការងារឱ្យប្រយ័ត្នក្រុមមនុស្សយាយីដោយប្រការណាមួយ។ចំណែកការប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ចំណែកការធ្វើដំណើរគ្រប់ទិសទីពិសេសបុរសមិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។
បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែឱ្យច្បាស់លាស់ ហើយមិនអាចធ្វើទាំងធ្វេសប្រហែសបានទេបើពុំនោះបញ្ហាតូចធំពិតជារត់ចូលទៀតហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចនិងក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាដែលត្រូវរែកពន់ថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនម្ល៉ោះហើយត្រូវអត់ធ្មត់ទើបប្រសើរ ។
រីឯសេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសមិនតិចដែរឡើយ៕