ដោយៈសុផល/ភ្នំពេញៈឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាល បានស្នើបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសសរុប១.៥០០លានអេសឌីអ(SDR) ត្រូវជាប្រមាណជាងពីរពាន់លានដុលា្លរ ខណៈគម្រោងចំណាយថវិកាជាតិត្រូវបានប៉ាន់ ប្រមាណ ក្នុងទឹកប្រាក់ជាង៧.៩០០លានដុល្លារ ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១ដែលកំពុងរាតត្បាតជាសកល។នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីនៅក្នុងឱកាសឡើង មកការពារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃ២៥ខែវិច្ឆិកា។
លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា កម្រិតនៃការខ្ចីបំណុលពីបរទេសមកដល់នឹងពេលបច្ចុប្បន្ននេះ មិនទាន់ធ្វើឱ្យកម្ពុជាជំពាក់គេវ័ណ្ឌកនោះទេ ដោយកម្ចីនេះស្ថិតក្នុងបន្ទាត់ពិដានតាមទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របានិងក៏ជាកម្ចីឥណទានដែលមានកម្រិតសម្បទានឬលក្ខខណ្ឌអនុគ្រោះក្នុងអត្រាការប្រាក់ទាបបំផុត។
សូមជម្រាបថាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលគម្រោងចំណាយថវិកាជាតិមានទឹកប្រាក់ជាង៣២ទ្រីលានរៀល ឬជាង៧.៩០០លានដុល្លារអាម៉េរិក ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តការងារតាមផែនការគ្រោងទុក។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះលោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការចាយវាយក្នុងកម្រិតរឹតត្បិតបំផុត សម្រាប់ប្រតិបត្តិការនាឆ្នាំ២០២១ខាងមុខ ខណៈក្នុងឆ្នាំ២០២០នេះ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាបាននិង កំពុងរងផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល។
លោកបានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២១ បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ឃុំ-សង្កាត់ គឺត្រូវបានរក្សាកម្រិតដូចនៅឆ្នាំ២០២០នេះ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចក្រោយគ្រោះមហន្តរាយទឹកជំនន់៕