ដោយៈ ម៉េងឆៃ/ ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកង្វៀនសួនហ្វ៊ុកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ជំនួបដែលពុំមានកការផ្សព្វផ្សាយឲ្យដឹងជាមុននេះគឺក្រៅពីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីដោះស្រាយកំណត់ខ្សែព្រំដែនដែលនៅសេសសលចំនួន១៦ភាគរយក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានប្រកាសថា នាយករដ្ឋមន្ត្រីទាំងពីរ បានអបអរសាទរ ចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធី ដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤វិច្ឆិកា ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។
ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តង់ចំនួន ២៦កន្លែង ដែលវៀតណាម បានបោះទីតាំង នៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ។
តង់ទាំងនោះ ត្រូវបានយោធាវៀតណាម សាងសង់ឡើង នៅតំបន់ព្រំដែន ក្នុងស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្តាល ក្នុងអ្វីដែលវៀតណាម លើកឡើងថា ដើម្បីរឹតបន្តឹងការឆ្លងដែន និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
តំបន់ព្រំដែន ដែលភាគីវៀតណាម បានបោះតង់យោធាទាំងនោះ ជាចំណុច ដែលភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។
កន្លងមក អាជ្ញាធរខេត្តកណ្តាល រួមទាំងក្រសួងការបរទេសកម្ពុជា បានតវ៉ាជាញឹកញាប់ទៅកាន់ភាគីវៀតណាម ដោយមានទាំងធ្វើកំណត់ទូតផង។ ប៉ុន្តែភាគីវៀតណាម មិនបានរុះរើតង់ទាំងនោះចេញពីតំបន់ព្រំដែន ដែលមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ។ ក្រៅពីនោះ វៀតណាម ថែមទាំងបានសាងសង់សំណង់រឹងមាំ នៅកន្លែងបោះតង់តាមព្រំដែនទាំងនោះផងដែរ។
យ៉ាងណាក៏ដោយ នៅពេលនេះ តង់ ឬជំរុំដែលវៀតណាម បានសាងសង់ទាំងនោះត្រូវបានរុះរើចេញពីតំបន់ព្រំដែនវិញអស់ ហើយ។ គឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវិដេអូ ជាមួយលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
កាលពីខែតុលា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ២០០៥ ព្រមទាំងបានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម នៅរដ្ឋធានីហាណូយ។នោះគឺក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រហូតមកដល់ខែតុលា ឆ្នាំ២០១៩ កម្ពុជា និងវៀតណាម សម្រេចបានលទ្ធផលប្រមាណជា ៨៤ភាគរយលើការបោះបង្គោលកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ ការប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងវៀតណាម តាមរយៈការបោះបង្គោលកំណត់ព្រំដែននេះ នៅតែត្រូវបានមជ្ឈដ្ឋានមួយចំនួន ពិសេសក្រុមប្រឆាំង នៅក្រៅប្រទេស ចាត់ទុកថា ដំណើរការបោះបង្គោលកំណត់ព្រំដែននេះ ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីទៅវិញ។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល ហើយអះអាងថា ការងារនេះ ធ្វើដោយយកចិត្តទុកដាក់ ដើម្បីបញ្ចប់ជម្លោះព្រំដែន ដែលតែងតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេច រាប់ជំនាន់តមកហើយ។ បញ្ហាព្រំដែន ក៏បានក្លាយជាកម្មវត្ថុ ប្រជែងផ្នែកនយោបាយទៀតផង។
យ៉ាងណាក៏ដោយ នៅពេលនេះ ថ្នាក់ដឹកនាំកម្ពុជា ចង់បានភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែន ដើម្បីបង្កើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់ជាទីលានប្រយុទ្ធ ចំការមីន តំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍអ្វីសោះនោះ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ។
ចំពោះមុខ កម្ពុជា និងវៀតណាម ត្រូវដំណោះស្រាយបន្ត នៅតំបន់ ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន ព្រមទាំងតំបន់ ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន ប្រមាណ ១៦%ទៀត។ នោះគឺរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត ក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិ ស្តីពី ការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគម បានបន្សល់ទុកឱ្យ សម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជា នឹងប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឱ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់គ្មានភាពភ័យខ្លាច ទៅជាតំបន់ ដែលមានជីវភាពធូរធារ និងជាតំបន់មានការអភិវឌ្ឍសុខដុមបនីយកម្ម រុងរឿងតរៀងទៅ៕