ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២០ នេះ តឹងរ៉ឹងជាងឆ្នាំមុនៗ ពិសេសគឺបង្ការ ការពារការចម្លងជំងឺកូវីដ ១៩ ។ នេះបើយោងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរ អង្គការពាក់ព័ន្ធ និងអង្គការប្រឆាំងអំពើពុករលួយ (ACU) ស្តីពីការត្រៀមលើវិធានការ និងដំណើរប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នាសាលាខេត្ត ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
កិច្ចប្រជុំនោះ ដឹកនាំដោយ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ស៊ិន វ៉ៃឌ្យ៉ា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។ មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអប់រំ បានសង្កត់ធ្ងន់ លើវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នីតីវិធី នៃដំណើរប្រព្រឹត្តទៅ របស់មណ្ឌលសំណេរ និងពិសេស ជាងឆ្នាំណាទាំងអស់ គឺការបង្ការ ទប់ស្កាត់ ការពារ ការចម្លងជំងឺកូវីដ ១៩ ។
លោកប្រធានមន្ទីរអប់រំ បានលើកឡើង ពីការកែទម្រង់ និងរឹតបន្តឹង លើដំណើរប្រព្រឹត្តមណ្ឌលសំណេរ នៃការប្រឡង ការដឹកជញ្ជូន សុវត្ថិភាពកញ្ចប់វិញ្ញាសា ការបំពេញការងារ របស់គណៈមេប្រយោគ និងការប្រឡង របស់បេក្ខជន ក្នុងទិសស្លោក “ចេះប្រឡងជាប់ ” ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។
លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏ដូចជាតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានណែនាំអោយសមត្ថកិច្ច កងកម្លាំង មន្ត្រីជំនាញ និងអាជ្ញាធរ អ្នកសង្កេតការណ៍ ដែលបញ្ជូនមក ដោយអង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមទទួលខុសត្រូវ និងបំពេញតួនាទី ភារកិច្ច អោយបានលទ្ធផលល្អ និងមានប្រសិទ្ធភាព ។
សូមបញ្ឫក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ មាន ៧ មណ្ឌល ស្មើនឹង ២២៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៣ មណ្ឌល ស្មើនឹង ៩៨ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៤ មណ្ឌល ស្មើនឹង ១២៦ បន្ទប់ ។ បេក្ខជន ក្នុងបញ្ជីមាន ៥.៥៧៤ នាក់ ស្រី ២.៨៧៨ នាក់ ។ ក្នុងនោះដែរ បេក្ខជនចំណេះទូទៅ មាន ៤.១៣៧ នាក់ ស្រី ២.២០៦ នាក់ , បេក្ខជនស្វៃរិន មាន ១.១០២នាក់ ស្រិ ៥៨៥ នាក់ និងបេក្ខជនបំពេញវិជ្ជា មាន ៣៣៥ នាក់ ស្រី ៨៧ នាក់ ៕/V