ដោយៈសុផល/ភ្នំពេញៈ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារឱ្យកាន់តែប្រសើរឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នាពេលថ្មីៗនេះបានធ្វើការផ្លាស់ប្តូរសមាសភាពមន្ត្រីនៅតាមស្ថានីយជញ្ជីងអចល័ត។
លោក សេង ឈួន រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការសម្រប សម្រួល អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញចុះទៅប្រកាសប្តូរសមាសភាពមន្ត្រីត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្ថានីយជញ្ជីងបាវិត-ខេត្តស្វាយរៀង និងស្ថានីយជញ្ជីងពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ។
ការផ្លាស់ប្តូរ និងតែងតាំងមន្ត្រីថ្មីមកបម្រើការក្នុងស្ថានីយជញ្ជីងក្នុងគោលបំណងឱ្យមន្ត្រីទទួលបានការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗនិងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថាថ្មីៗកន្លងមកនេះគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្ត្រីនៃស្ថានីយប្រាសាទ-ខេត្តកំពង់ធំ និងស្ថានីយពួក-ខេត្តសៀមរាប ផងដែរ ៕