«​គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​នៅ​កម្ពុជា​» ត្រូវបាន​ចុះហត្ថលេខា​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ស្ថានទូត​ជប៉ុន​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្តន៍ «​គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​នៅ​កម្ពុជា​» ជាមួយនឹង​វត្តមាន​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​នេះ​យោងតាម​ផេ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​បញ្ជាក់​។​

រូបថតៈស្ថានទូត​ជប៉ុន​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្តន៍ «​គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​នៅ​កម្ពុជា​» ជាមួយនឹង​វត្តមាន​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​

​គម្រោង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង UNDP ដោយមាន​គោលបំណង​ទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​លើដី និង​ក្នុង​សមុទ្រ តាមរយៈ​ការជំរុញឱ្យ​មានការ​អនុវត្ត​តាម​គោលការណ៍ 4Rs (​កុំ​ប្រើ​-Refuse កាត់បន្ថយ​-Reduce ប្រើ​ឡើងវិញ​-Reuse និង​កែច្នៃ​យកមកប្រើ​ប្រាស់​-Recycle)​។​

​ក្នុង​ពិធី​ដែល​បាន​ប្រព្រឹត្តធ្វើ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​( Mikami Masahiro) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា «​ការបំពុល​ប្លា​ស្ទិ​ក​នៅតាម​សមុទ្រ​បាន​ក្លាយជា​វិបត្តិ​បរិស្ថាន​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស G20 ដែល​ធ្វើឡើង​នៅ​ទីក្រុង​អូ​សា​កា កាលពី​ឆ្នាំ​២០១៩ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ ដើម្បី​ជំរុញឱ្យមាន​ការចាត់វិធានកា​រ​ប្រកបដោយ​ប្រសិទ្ធភាព ប្រឆាំង​ទៅនឹង​ការបំពុល​ប្លា​ស្ទិ​ក​នៅតាម​សមុទ្រ​»​។​
​ការកើនឡើង​នូវ​សំណល់​ប្លា​ស្ទិ​កបាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ធំៗ​ជាងគេ​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។ សម្ភារ​ប្រើប្រាស់​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ក​ដូចជា​ថង់ ដប និង​ប្រដាប់​ដាក់​វត្ថុ​នានា បច្ចុប្បន្ននេះ មាន​វត្ត​មាននៅ​គ្រប់ទិសទី ក្នុងផ្ទះ ក្នុង​សាលារៀន និង​ក្នុង​កន្លែងធ្វើការ​របស់​យើង​។ ប៉ុន្តែ​ការប្រើប្រាស់​ឥត​សំចៃ​បែបនេះ បាន​បង្ក​នូវ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​។​

រូបថតៈស្ថានទូត​ជប៉ុន​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្តន៍ «​គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​នៅ​កម្ពុជា​» ជាមួយនឹង​វត្តមាន​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​

​បរិមាណ​ប្លា​ស្ទិ​ក​សរុប​ក្នុង​សកលលោក​ទាំងមូល​បាន​កើន​ឡើងដល់ ៨,៣ ពាន់​លាន​តោន​។ ជា​រៀងរាល់ឆ្នាំ មាន ប្លា​ស្ទិ​ក ១៣ លាន​តោន ហូរ​ចូលទៅក្នុង​សមុទ្រ ដែល​ស្មើនឹង​ការចាក់សំរាម​មួយ​ឡាន​ដឹក​សំរាម​ពេញ រៀងរាល់​មួយ​នាទី​ម្ដង​។ សំណល់​ប្លា​ស្ទិ​ក​ប្រមាណ ៩០% ដែល​ហូរ​ចូលទៅក្នុង​សមុទ្រ​មាន​ប្រភពពី​ទន្លេធំៗ​ចំនួន ១០ ដែល​ក្នុងនោះ​មាន​ទន្លេមេគង្គ​មួយ​ផងដែរ​។​
​បញ្ហា​ធំជាងគេ​នោះ​គឺ​ថង់​ប្លា​ស្ទិ​ក​មិន​ងាយ​នឹង​រលាយ​ក្នុង​ដី​នោះឡើយ​ហើយ​បន្ត​វត្តមាន​នៅលើ​ភពផែនដី​រាប់រយឆ្នាំ​ទៅមុខទៀត​។ ដោយឡែក​នៅក្នុង​សមុទ្រ​វិញ មាន​ថនិកសត្វ ត្រី និង​បក្សី​ជាង ១ លាន​ក្បាល ដែល​រងគ្រោះថ្នាក់ ដោយសារ​ការ​លេប​ប្លា​ស្ទិ​ក​ចូលទៅក្នុង​ពោះ ឬ​ត្រូវ​រុំ​ជាប់​ជាមួយនឹង​វត្ថុ​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ក​។ បក្សី និង​ត្រី​ជាង ៩០% មាន​កម្ទេច​ប្លា​ស្ទិ​ក​នៅក្នុង​ពោះ​របស់​វា​។ សារធាតុ​គីមី​ពុល​ទាំងនេះ​បន្ត​ការកើនឡើង ហើយ​ហូរ​ចូលទៅក្នុង​របប​អាហារ និង​ក្នុង​រាង​ការយ​របស់​មនុស្ស​យើង​។​
​បច្ចុប្បន្ន​មាន​ប្រទេស​និង​ទីក្រុង​ជាង​១០០​ក្នុងនោះ​មាន​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​កំពុង​ដាក់ឱ្យអនុវត្ត​វិធានការ​ថ្មីៗ​ជុំវិញ​សំណល់​ប្លា​ស្ទិ​ក​។ នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញឱ្យមាន​ការអនុវត្ត​ក្របខ័ណ្ឌ 4Rs ដើម្បី​ផ្ដល់នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្លា​ស្ទិ​កនៅ​ក្នុងប្រទេស ដូចជា ការចេញ​នូវ​អនុក្រឹត្យ ដើម្បី​គិតថ្លៃ​សេវា​បន្ថែម​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជាដើម​។​
​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ដោយសារ​ប្លា​ស្ទិ​ក គម្រោង​ថ្មី​នេះ​នឹង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត បង្កើន​ការយល់ដឹង និង​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​នៅតាម​តំបន់​គោលដៅ ព្រមទាំង​ជំរុញឱ្យមាន​ការកែច្នៃ​សំណល់ និង​ការប្រើប្រាស់​សម្ភារ​ផ្សេង​ក្រៅតែពី​ប្លា​ស្ទិ​ក​។ តំបន់​គោលដៅ រួមមាន​ក្រុង​ធំៗ និង​ខេត្ត​ដែល​នៅតាម​តំបន់ឆ្នេរ ដូចជា​៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និង​កោះកុង ដើម្បី​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិ​ក​នៅតាម​សមុទ្រ​ឱ្យមាន​ប្រសិទ្ធភាព នៅតាម​តំបន់​ប្រភព​សំណល់​តែម្ដង​។​
​លោក Nick Beresford អ្នកតំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ​កម្ពុជា បាន​លើកឡើងថា «​ការប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ប្លា​ស្ទិ​ក គឺជា​ការ​កិច្ចការ​ដ៏​សែនពិបាក​មួយ​។ ប៉ុន្តែ គម្រោង​នេះ​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ និង​បង្ហាញឱ្យឃើញ​ពី​អនុភាព​នៃ​ការ​ងាក​ទៅរក​សេដ្ឋកិច្ច​វិលជុំ​បែប​បៃតង​»​។
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មានប្រសាសន៍ថា «​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ឱ្យមាន​ប្រសិទ្ធភាព ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់គ្នា​»​។ លោក រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែមថា «​តាមរយៈ​គម្រោង​នេះ យើង​អាច​បង្ហាញឱ្យឃើញ​ពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​អន្តរាគមន៍​កាត់បន្ថយ​ប្លា​ស្ទិ​ក​ដែល​អាចជួយ​ឱ្យ​បណ្ដា​ប្រទេស​នានា​នៅ​អាស៊ាន​យក​គំរូ​តាម​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការបំពុល​ប្លា​ស្ទិ​ក​នៅតាម​សមុទ្រ​»៕​

រូបថតៈស្ថានទូត​ជប៉ុន​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្តន៍ «​គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​នៅ​កម្ពុជា​» ជាមួយនឹង​វត្តមាន​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​

រូបថតៈស្ថានទូត​ជប៉ុន​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្តន៍ «​គម្រោង​ទប់ស្កាត់​នឹង​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ​នៅ​កម្ពុជា​» ជាមួយនឹង​វត្តមាន​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular