Home ព័ត៌មានអន្តរជាតិ វីរបុរស​បាល់ទ...

វីរបុរស​បាល់ទាត់​អា​ហ្សង់​ទីន ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា ទទួល​មរណភាព​នៅ​អាយុ៦០ ឆ្នាំ ដោយសារ​គាំងបេះដូង

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៊ុយ​ណូ​ស៊ែរ ៖ ស្តេច​បាល់ទាត់​អា​ហ្សង់​ទីន ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើ “​បាតដៃ​ព្រះ​” ក្នុង​ឆ្នាំ ១៩៨៦ និង​ជួយ​ប្រទេស​របស់​គាត់​ឈ្នះ​ពាន​វើល​ខាប់​មុនពេល​​ផុងខ្លួន​ប្រើ​ថ្នាំញៀន​កូកាអ៊ីន​និង​ឡើង​ទម្ងន់​ហួសប្រមាណ​នោះ បាន​ទទួលមរណភាព​ដោយសារ​គាំងបេះដូង​នៅ​អាយុ ៦០ ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៥​វិច្ឆិកា​។​

​អ្នកនាំពាក្យ​របស់​លោក​ម៉ា​រ៉ាដូ​ណា គឺ​លោក សេ​បា​ស្ទា​ន សាន់​ឈី និយាយថា គាត់​ស្លាប់​កាលពី​ថ្ងៃ​ពុធ ដោយសារ​គាំងបេះដូង ពោលគឺ​២​សប្តាហ៍ បន្ទាប់​ពី​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្រុង​ប៊ុយ​ណូ​ស៊ែរ​ក្រោយ​វះ​​កាត់​ឈាមកក​ក្នុង​ខួរក្បាល​បាន​ជោគជ័យ​។​

​ការិយាល័យ​ប្រធានាធិបតី​និយាយថា ខ្លួន​នឹង​ប្រកាស​ក្រឹត្យ​កាន់ទុក្ខ​៣​ថ្ងៃ ហើយ​សមាគម​បាល់ទាត់​អា​ហ្សង់​ទី​ន​បាន​សម្តែង​ទុក្ខព្រួយ​ចំពោះ​ការបាត់បង់​នេះ​នៅលើ Twitter ផងដែរ​។​

​គ្រា​ដ៏​ល្បីល្បាញ​បំផុត​របស់​លោក​ម៉ា​រ៉ាដូ​ណា គឺ​នៅ​ពេល​គាត់​ប្រើ “​បាតដៃ​ព្រះ​” ខាងឆ្វេង រុញ​បាល់​បញ្ចូល​សំណាញ់​ទី​ក្រុម​អង់គ្លេស​ក្នុង​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​វើល​ខាប់​ឆ្នាំ ១៩៨៦​។

​នៅមុន​ខួបកំណើត​គម្រប់ ៦០ ឆ្នាំ​កាល​ពី​ខែតុលា លោក​ម៉ា​រ៉ាដូ​ណា​បាន​ប្រាប់​ទស្សនាវដ្តី France Football ថា វា​ជាក្តី​សុបិន​ក្នុង​ការស៊ុត​មួយ​គ្រាប់​ទៀត​ចូលទី​របស់​អង់គ្លេស​ដោយ​លើក​នេះ​គឺ​ប្រើ​បាត​​ដៃ​ព្រះ​ខាងស្តាំ​វិញ​ម្តង​។​

​ម៉ា​រ៉ាដូ​ណាក៏​បាន​អន្ទងចិត្ត​អ្នកគាំទ្រ​បាល់​ទាត់លើ​ពិភពលោក​ឱ្យ​ស្រឡាញ់​ចូលចិត្ត​គាត់​ផងដែរ តាមរយៈ​ក្បាច់​ញាក់​និង​បណ្តើ​របាល់ ដែល​បង្កើតឡើង​ដោយ​ខ្លួន​គាត់​។​

​ទោះបី​កេរ្តិ៍ឈ្មោះ​គាត់​ត្រូវបាន​ប្រឡាក់​ប្រឡូក​ដោយ​ការ​ញៀន​ស្រា​និង​ញៀន​ថ្នាំ​និង​ការដឹកនាំ​បរាជ័យ​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្សង់​ទីនក៏​ដោយ​ក៏​គាត់​នៅតែ​ជា​និមិត្តរូប​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​​អា​ហ្សង់​ទី​ន​ដែល​ង​ប់ង​ល់នឹង​បាល់ទាត់​។​

​ម៉ា​រ៉ាដូ​ណា​ស៊ុ​តបាន​៣៤ គ្រាប់ ក្នុង​ការបង្ហាញ​វត្តមាន ៩១ លើក​ឱ្យ​ជម្រើសជាតិ​អា​ហ្សង់​ទីន និង មាន​វត្តមាន​នៅវើ​លខាប់​ចំនួន ៤ លើក​។

​គាត់​ធ្លាប់​លេង​ឱ្យ​ក្លឹប​បាល់ទាត់​អាជីព​ជា​ច្រើន​ដូចជា Argentinos Juniors, Boca Juniors, Barcelona, Napoli, Sevilla និង Newell’s Old Boys​។ ប៉ុន្តែ​គាត់​ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង​ពេល​លេង​ឱ្យ Napoli និង Barcelona ដោយ​ឈ្នះ​ពាន​ល្បីៗ​ជាច្រើន​។

​មុន​ពេល​គាត់​ស្លាប់ ក្លឹប​ចុងក្រោយ​ដែល​គាត់​កំពុង​ដឹកនាំ​គឺ Gimnasia de La Plata នៅ​ក្របខ័ណ្ឌ​លី​ក​កំពូល​អា​ហ្សង់​ទីន Primera División ក្រោយ​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ២០១៩ ។​

​ក្រោយ​ទទួលដំណឹង​មរណភាព​របស់​ម៉ា​រ៉ាដូ​ណា ក្លឹប Napoli ក៏​បាន​ប្រកាស​ពី​ការប្តូរឈ្មោះ​កីឡដ្ឋាន​ពួកគេ​ផង​ដែរ គឺ​ទៅ​ជា Stadio Diego Armando Maradona ដើម្បី​សម្តែង​ការដឹងគុណ​ដល់​គាត់​៕

​ប្រជាជន​អា​ហ្សង់​ទី​ននិង​អ្នកគាំទ្រ​ប្រតិកម្ម​ក្រោយ​ម៉ា​រ៉ាដូ​ណា ទទួល​មរណភាព​នៅ​អាយុ ៦០ ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular