ប្រែសម្រួល : កញ្ញាដាលីស/វីលមីងតុន ៖ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោកចូ បៃដិនបាននិយាយកាលពីថ្ងៃពុធទី២៥វិច្ឆិកាថា ជនជាតិអាម៉េរិក “នឹងមិនអត់ទ្រាំបានឡើយ”ចំពោះការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី ០៣ ខែវិច្ឆិកា។
លោកបៃដិនបានថ្លែងនៅក្នុងសុន្ទរកថាអបអរបុណ្យស៊ែងគីវវីងនៅឯស្រុកកំណើតរបស់គាត់ក្នុងទីក្រុងវីលមីងតុន រដ្ឋដេឡាវែ យ៉ាងដូច្នេះថា “ប្រជាធិបតេយ្យរបស់យើងត្រូវគេសាកល្បងនៅឆ្នាំនេះ។ ហើយអ្វីដែលយើងបានដឹងគឺថាប្រជាជននៃប្រជាជាតិនេះអាចដោះស្រាយបានជាមួយការសាកល្បងនេះបាន”។
លោកនិយាយថា “នៅអាម៉េរិក យើងមានការបោះឆ្នោតពេញលេញ ត្រឹមត្រូវ និងសេរី ហើយបន្ទាប់មកគឺយើងគោរពលទ្ធផល។ប្រជាជននៃប្រជាជាតិនេះនិងច្បាប់នៃដែនដីនេះនឹងមិនអត់ទ្រាំបានឡើយចំពោះរឿងផ្សេងពីនេះ”។
លោកបៃដិនមិនបានបញ្ជាក់ពីឈ្មោះដូណាល់ត្រាំទេប៉ុន្តែលោកបានសំដៅយ៉ាងច្បាស់ទៅលើការបដិសេធរបស់ប្រធានាធិបតីរូបនេះ ដែលមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។
លោកបៃដិននិយាយថា ជំងឺកូវីដ១៩បានធ្វើឱ្យមានការបែកបាក់ផ្នែកនយោបាយកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិកនិងអំពាវនាវឱ្យមានការឯកភាពគ្នា។
លោកនិយាយថា “វាបានធ្វើឱ្យយើងបែកបាក់គ្នា ធ្វើឱ្យយើងខឹងសម្បា ធ្វើឱ្យយើងប្រឆាំងគ្នា។ ខ្ញុំដឹងថាប្រទេសនេះកាន់តែបារម្ភឡើងអំពីការប្រយុទ្ធគ្នា។ ប៉ុន្តែយើងត្រូវចាំថាយើងកំពុងធ្វើសង្គ្រាមជាមួយវីរុសមិនមែនជាមួយគ្នានោះទេ”។
លោកបន្តថា “ខ្ញុំជឿថារដូវកាលបែកបាក់គ្នាដ៏សែនលំបាកនេះនឹងឈានទៅរកឆ្នាំនៃពន្លឺភ្លឺស្វាងនិងការឯកភាពគ្នា”។
លោកបៃដិនបានសន្យាថា “ចាប់ផ្តើមនៅថ្ងៃទីមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់ខ្ញុំ យើងនឹងចាត់វិធានការ ដែលនឹងផ្លាស់ប្តូរទិសរបស់ជំងឺរាតត្បាត”ហើយគាត់បានជំរុញឱ្យជនជាតិអាម៉េរិកអនុវត្តតាមគោលការណ៍ផ្នែកសុខភាព៕
លោកបៃដិនថាពលរដ្ឋអាម៉េរិកនឹងមិនអត់ទ្រាំចំពោះអ្នកដែលមិនទទួលស្គាល់លទ្ធផលឆ្នោត